ជំនួយវ៉ាក់សាំង ស៊ីណូហ្វាម “Sinopharm” របស់ចិនមកកាន់កម្ពុជាជាសក្ខីភាពបញ្ជាក់ពីការគិតគូរដល់ការសង្រ្គោះជីវិតរបស់មនុស្សជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្ងៃទី០៧ កុម្ភៈ ២០២១ វ៉ាកសាំងរបស់ក្រុមហ៊ុនចិនស៊ីណូហ្វាម “Sinopharm” ចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងក្រោមជំនួយរបស់រដ្ឋាភិបាលចិន។ ជំនួយដ៏មានតម្លៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្ដីរំភើបនិងមោទនភាពយ៉ាងខ្លាំងដោយសារតែកម្ពុជាជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិន។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងបេះដូងរបស់ចិន ដែលក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ជាមិត្តម៉ឺនឆ្នាំ អ្វីៗគឺជាអាទិភាពក្នុងការជ្រោមជ្រែងនិងយកចិត្តទុកដាក់បំផុត។ ស្របពេលជាមួយគ្នានោះនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៧ មីនា នាព្រលានយន្តហោះពោធិចិនតុងនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន បានមានប្រសាសន៍ថា ចាប់ពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជា បានជួយគ្នាទៅវិញទៅមកដែលប្រៀបដូចជាពាក្យស្លោកថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយក្រុមគ្រូពេទ្យចិនក៏បានមកបណ្ដុះបណ្ដាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ។ ស្របពេលដែលកម្ពុជាកំពុងភ័យព្រួយបារម្ភ និងរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃការទទួលជំនួយវ៉ាក់សាំងកូវីដ១៩នាពេលនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញនូវក្ដីរំភើបនិងសាទរយ៉ាងខ្លាំងជំនួសប្រជាជនកម្ពុជាផងដែរ ដោយសម្ដេចមានប្រសាសន៍បញ្ជាក់ថា ពិភពលោកនេះហាក់កំពុងមានសង្រ្គាមដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដោយសារចំនួនវ៉ាក់សាំងដែលផលិតចេញនៅលើពិភពលោកគឺមានចំនួនតិចជាងតម្រូវការ។ ស្របពេលដែលប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំទាន់មានវ៉ាក់សាំងសម្រាប់ឱ្យពួកគេទិញនៅឡើយនោះ ប្រទេសកម្ពុជាបែរជាស្ថិតក្នុងចំណោមប្រទេសមិនច្រើនឡើយ ដែលទទួលបានជំនួយវ៉ាក់សាំងពីចិន តើនោះជាមូលហេតុអ្វី? សម្ដេចតេជោនាយករដ្ឋមន្រ្តី បានពន្យល់ថានោះគឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន បើកម្ពុជាគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយចិន គឺពុំបានទទួលវ៉ាក់សាំងឡើយ។ ក្នុងនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ប្រជាជនកម្ពុជាទាំងអស់មានទំនុកចិត្តចំពោះវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន និងវាយតម្លៃថាវាមានប្រសិទ្ធិភាពខ្ពស់ចាប់ពីចន្លោះអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ។ ជាពិសេសទៅទៀតនោះ នៅក្នុងសន្ដានចិត្តជាមិត្តល្អ កិច្ចសហប្រតិបត្តិការល្អក៏ដូចជាទំនាក់ទំនងល្អនៃទ្វេភាគីរវាងកម្ពុជានិងចិន កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងចិនចំនួន១លាន៥សែនដូសដើម្បីត្រៀមចាក់ជូនប្រជាជនកម្ពុជា ដែលវ៉ាក់សាំងនេះធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កងទ័ពរំដោះប្រជាជនចិននឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមជាលើកទី២បន្ថែមទៀត។ ការផ្ដល់លទ្ធភាពក្នុងការបញ្ជាទិញរបស់កម្ពុជាក៏ដូចជាការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ទាំងនេះមកកាន់កម្ពុជា អាចចាត់ទុកថាជាការប្រោះព្រំកម្ពុជាឱ្យរួចចាកផុតពីគ្រោះដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩នាពេលនេះ ដើម្បីឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាមានឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់កសាងជីវភាពគ្រួសារនិងអភិវឌ្ឍន៍សង្គមឡើងវិញផងដែរ។
ក្នុងរូបភាពនៃជំនួយវ៉ាក់សាំងកូវីដ១៩នេះអ្វីដែលជាការមើលឃើញជាក់ស្ដែងគឺថា៖
-វាជាសក្ខីភាពមួយនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏រឹងមាំរវាងប្រទេសនិង ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល។
-ចិនគឺជាមិត្តពិតប្រាកដ ជាមិត្តដ៏ស្មោះត្រង់ ជាមិត្តដែលមានចិត្តស្រឡាញ់គ្នាដ៏រឹងមាំដូចដែកថែបចំពោះកម្ពុជាដែលទោះបីស្ថិតក្នុងកាលៈទេសៈលំបាកលំបិនយ៉ាងណាគឺចាំបាច់គិតគូរពីកម្ពុជាជាដំបូងគេ សមដូចពាក្យគន្លឹះដែលថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរតែងតែបានលើកឡើងថា“ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម(Sinopharm)ទាំងពីរលើកនេះជាសក្ខីភាពយ៉ាងពិតប្រាកដមិនអាចប្រកែកបានដែលបញ្ជាក់ពីសន្ដានចិត្តមិត្តដែលមានបេះដូងមហាសមុទ្រ។
-ចិនបានផ្ដោតជាសំខាន់ទៅលើសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជននៃបណ្ដាប្រទេសផ្សេងៗដែលចិនបានផ្ដល់ជំនួយវ៉ាក់សាំងឱ្យ។ ការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩នេះ យើងអាចចាត់ទុកថាជាកាយវិការនៃការគោរពសិទ្ធិមនុស្សរបស់ចិន ដែលបានជួយសង្រ្គោះនិងផ្ដល់នូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាជននៅលើពិភពលោក។
-ចិនបានគិតគូរដល់វិស័យមនុស្សធម៌ជារឿងសំខាន់។ ក្នុងន័យនេះមានន័យថា ចិនបានតម្កល់ការរីកចម្រើនរបស់មនុស្សជាតិជាជាងការប្រឹងប្រែងរត់ប្រណាំងសព្វាវុធឬរត់ប្រណាំងខាងមនោគមន៍វិជ្ជា។ អាចនិយាយបានថា សុវត្ថិភាពនិងភាពសុខដុមរមនារបស់ប្រជាជននៅក្នុងពិភពលោកគឺជាបំណងប្រាថ្នារបស់ប្រទេសចិន៕

ដោយៈ លោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner