គ្រូបង្វឹកថ្មីក្រុមគោព្រៃកម្ពុជា បង្ហាញឆន្ទៈ ជួយ បណ្តុះបណ្តាលយុវជន និងកសាងក្រុមមួយ ដែលខ្លាំងសម្រាប់ប្រកួតនៅក្នុងតំបន់អាស៊ី

លោក RYU HIROSE គ្រូបង្គោលក្រុមបាល់ជាត់ជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុន ដែលទើបនឹងទទួលដំណែងថ្មីជំនួសគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas បានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងដំណើរដឹកនាំក្រុមប្រកួតអន្តរជាតិនានា និងឆ្ពោះទៅ ស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ស្ថិតនៅក្នុងវ័យ៦៥ឆ្នាំ លោក RYU HIROSE បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានក្លាយជាគ្រូបង្វឹកក្រុមជម្រើស ជាតិកម្ពុជា។ ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហា ដែលកើតមានឡើង បើទោះបីមានភាពលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធន៍ ដែលបានពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្តុះបណ្តាលឲ្យកីឡាករ មានការអភិវឌ្ឍ រីកចំរើនទៅមុខ និងកសាងក្រុមមួយ ដែលខ្លាំងសម្រាប់ប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។ សូមអរគុណដល់បងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ជួបតែសំណាងល្អ»។ នេះជាការលើកឡើងរបស់លោក ដែលត្រូវបានលើកឡើងជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

លោក RYU HIROSE ក្នុងឋានៈជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជានឹងរួមគ្នាជាមួយលោក Keisuke Honda ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលបន្តកិច្ចសន្សាថ្មីដល់ឆ្នាំ២០២៣ បន្ទាប់ពីកិច្ចសន្យាចាស់ នាខែសីហា ឆ្នាំ២០១៨ដល់ខែសីហា ឆ្នាំ២០២០។

ការកាន់កាប់ដំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជារបស់លោក RYU HIROSE នឹងត្រូវបន្តនូវភារកិច្ចធំៗជាច្រើន ដូចជាការប្រកួតជម្រុះជុំទី២ FIFA World Cup Qatar 2022 នាអំឡុងពាក់កណ្តាលឆ្នាំ២០២១នេះចំនួន៣ប្រកួត, ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup, AFF Suzuki Cup និងព្រឹត្តិការណ៍ SEA Games លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នំា២០២១ នៅប្រទេសវៀតណាម និងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
