ស្រូវជាង1 លានតោន និងផលិតផលកសិផលជាច្រើនទៀតត្រូវបាននាំចេញទៅប្រទេសវៀតណាមតាមខេត្តចំនួន2
ភ្នំពេញ ៖ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេងសាខុន បានបង្ហាញរបាយការណ៍តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិចថា ការនាំចេញផលិតផលកសិកម្មតាមរយៈខេត្តចំនួនពីររបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសស្រូវដែលមានបរិមាណជាង1លានតោននៅក្នុងរយៈពេលជិត3ខែកន្លងទទៅនេះ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជាសម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់ប្រជាកសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកម្លាំងពលកម្មក្នុងស្រុកឱ្យអស់លទ្ធភាព ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖« ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុត ដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាព របស់កសិករនៅតាមជនបទ »។ ជាក់ស្តែង ការនាំចេញកសិផលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ2021 គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត ។
យោងតាមសេចក្តីរាយការណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឱ្យដឹងថា៖ ខេត្តស្វាយរៀងបាននាំចេញកសិផលមានជាអាទិ៍ដូចជា៖ ស្រូវចម្រុះ 117,883តោន ដំឡូងមីស្រស់ចំនួន 2,271តោន ផ្លែស្វាយកែវរមៀតស្រស់ 36,159តោន និងស្ករ អំពៅ146,041តោន។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បាននាំស្រូវចេញសរុបចំនួន707,431តោន និងស្វាយកែវរមៀតបានចំនួន 89,340 តោន។ ចំពោះមធ្យោបាយដឹកជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធុនធ្ងន់ និងទូកមានចំណុះពី 50 ទៅ 100តោន។ ទន្ទឹមនឹងលទ្ធផល នៃការនាំចេញផលិតផលកសិកម្ម តាមរយៈខេត្តទាំងពីរខាងលើរបស់កម្ពុជា សម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន 1,146,844 តោន មកទល់ថ្ងៃទី26 ខែមីនា ឆ្នាំ2021 យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ៕