ក្នុងវិបត្តិកូវីដ វៀតណាមអាចមានកំណើនសេដ្ឋកិច្ចប្រមាណ 6.5 ភាគរយសម្រាប់ឆ្នាំ2021នេះ
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រចន្តទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងដើរតាមផែនការដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំ2021 ដែលអាចនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ6.5ភាគរយ ខណៈដែលប្រទេសដែលស្ថិតនៅជាប់គ្នា រាប់ទាំងកម្ពុជាផងដែរកំពុងជួបឱនភាព។
យោងតាមការបញ្ជាក់របស់លោក Le Trung Hieu ប្រធាននាយកដ្ឋានស្ថិតិទូទៅទទួលបន្ទុកកិច្ចការងារ GDP ប្រទេសវៀតណាមបានចង្អុលបង្ហាញថាសកម្មភាពសេដ្ឋកិច្ចជាច្រើននៅតែបន្តមានសន្ទុះ ទាំងការនាំចេញ និងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ផងដែរ។
វៀតណាមត្រូវបានគេមើលឃើញគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមិនមានវិបត្តិសេដ្ឋកិច្ចកើតឡោះងកាលពីឆ្នាំ2020ក្នុងកំឡុងពេលដែលកំពុងមានវិបត្តិនៃជំងឺកូវីដ។ ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារបម្រើសេវាកម្ម និងប្រឹក្សាលើការវិនិយោគ Moody បាននិយាយថា វៀតណាមនៅតែស្ថិតនៅក្នុងទីតាំងមួយដែលអាចទាញយកផលចំណេញជាច្រើនពីការផ្លាស់ប្តូរនៃផលិតកម្មពាណិជ្ជកម្មនិងការប្រើប្រាស់ថ្មីរបស់សកលលោកក្នុងពេលដែលកូវីដនឹងឈានទៅដល់ទីបញ្ចប់នោះ។
ឆ្លើយតបទៅនឹងលទ្ធផលរបស់ Moody ក្រសួងហិរញ្ញវត្ថុបានធ្វើការប្រកាសថា នឹងបន្តពង្រឹងគោលនយោបាយដើម្បីជួយធានាឲ្យមានស្ថិរភាពថែមទៀតទៅលើវិស័យម៉ាក្រូសេដ្ឋកិច្ច និងបង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងសេដ្ឋកិច្ចដោយក្នុងនោះសភាជាតិបានដាក់គោលដៅកំណើនសេដ្ឋកិច្ច 6 ភាគរយសម្រាប់ឆ្នាំ2021 ជាមួយនឹងការរំពឹងទុកថានឹងជួយជម្រុញឲ្យកំណើននេះឡើងទៅដល់ 6.5 ភាគរយ៕