Google និង Facebook គ្រោងអូសបណ្តាញខ្សែកាបក្រោមសមុទ្រតភ្ជាប់ពីអាស៊ីអាគ្នេយ៍ទៅដល់អាមេរិក
បរទេស៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook នៅថ្ងៃចន្ទនេះបានធ្វើការប្រកាសអំពីផែនការថ្មីមួយរបស់ខ្លួនក្នុងការអូសបណ្តាញខ្សែកាបក្រោមសមុទ្រចំនួន2 ខ្សែតភ្ជាប់ពីប្រទេសសិង្ហបុរី កាត់ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់អាមេរិកខាងជើងដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធអ៊ីនធឺណេត ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និងក្រុមហ៊ុនទូរគមនាគមន៍ក្នុងតំបន់ជាច្រើនទៀត។
អនុប្រធាន Facebook ទទួលបន្ទុកកិច្ចការងារវិនិយោគ លោក Kevin Salvadori បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងខ្សែកាបទាំង2 ដែលត្រូវបានស្គាល់ឈ្មោះថា Echo និង Bifrost គឺជាខ្សែកាបដំបូងគេដែលត្រូវឆ្លងកាត់ផ្លូវចម្រុះថ្មីដែលអាចរត់កាត់ក្រោមសមុទ្រជ្វា ដែលអាចបង្កើនសមត្ថភាពគ្របដណ្តប់សេវាអ៊ីនធឺណេតនៅអនុតំបន់សមុទ្រប៉ាស៊ីភិចប្រមាណជា 70 ភាគរយ។
ខ្សែកាបទាំង2នេះផងដែរក៏ត្រូវបានគេដឹងដែរថា នឹងក្លាយទៅជាខ្សែកាបដំបូងគេដែលតភ្ជាប់រវាងអាមេរិកខាងជើងទៅកាន់ផ្នែកមួយចំនួននៃតំបន់សំខាន់ៗរបស់ឥណ្ឌូនេស៊ីព្រមទាំងអាចបង្កើនទំនាក់ទំនងរវាងតំបន់កណ្តាលទៅកាន់ខេត្តភាគខាងកើតជាច្រើនទៀតនៃប្រជាជាតិដែលមានពលរដ្ឋច្រើនបំផុតទី4លើពិភពលោក។
លោក Salvadori បានបន្តទៀតថា Echo គឺជាគ្រោងនៃការរួបរួមគ្នារវាងក្រុមហ៊ុន Facebook និងក្រុមហ៊ុនមេរបស់ Google គឺ Alphabet និងក្រុមហ៊ុនទូរគមនាគមន៍របស់ឥណ្ឌូនេស៊ី XL Axiata ដោយតាមផែនការអាចនឹងបញ្ចប់នៅក្នុងឆ្នាំ2023 ខាងមុខនេះ។
យោងតាមការស្រាវជ្រាវរបស់សមាគមន៍ផ្តល់សេវាអ៊ីនធឺណេតឥណ្ឌូនេស៊ីកាលពីឆ្នាំ2020 កន្លងទៅ បានរកឃើញថា ពលរដ្ឋរបស់ឥណ្ឌូនេស៊ីសរុប 73 ភាគរយនៃពលរដ្ឋសរុប 270 លាននាក់ដែលប្រើប្រាស់អ៊ីនធឺណេត ភាគច្រើនអាចប្រតិបត្តិការដំណើរការសេវាអ៊ីនធឺណេតតាមរយៈទិន្នន័យចល័ត mobile data ហើយតិចជាង 10 ភាគរយប្រើប្រាស់ការភ្ជាប់អ៊ីនធឺណេតតាមរយៈ broadband connection៕