កាន់តែធ្ងន់ធ្ងរ ! អាមេរិកសម្រេចផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងស្រុងជាមួយនឹងមីយ៉ាន់ម៉ា
វ៉ាស៊ិនតោន ៖ យោងតាមការចេញផ្សាយរបស់គេហទំព័រ CNA នៅថ្ងៃព្រឹកអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងសកម្មភាពរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាកន្លងមកនេះបានឈានទៅដល់ការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងគ្នាដែលបានធ្វើឡើងកាលពីឆ្នាំ2013ទាំងស្រុងហើយ។
លោកស្រី Katherine Tai តំណាងអ្នកចរចាលើវិស័យពាណិជ្ជកម្មរបស់អាមេរិកកាលពីថ្ងៃចន្ទបានប្រកាសថាសេចក្តីសម្រេចនេះចូលជាធរមានរហូតដល់ពេលដែលរដ្ឋាភិបាលដែលធ្លាប់ត្រូវបានបោះឆ្នោតដោយពលរដ្ឋត្រូវបានប្រគល់អំណាចឡើងវិញ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះប្រជាពលរដ្ឋមីយ៉ាន់ម៉ា រាប់ទាំងសមាសភាពបាតុករផងដែរត្រូវបានស្លាប់រហូតដល់ចំនួន 114 នាក់ដោយក្នុងនោះចំនួន 5 នាក់ បានបាត់បង់ជីវិតកាលពីថ្ងៃចន្ទម្សិលមិញនេះនៅពេលដែលក្រុមបាតុកររាប់ពាន់នាក់បានធ្វើការប្រមូលផ្តុំគ្នាសាជាថ្មីនៅតាមផ្លូវនានាប្រឆាំងទៅនឹងក្រុមយោធា។
លោកស្រី Tai បាននិយាយទៀតដែរថា កងកម្លាំងសន្តិសុខនៃប្រទេសមីយ៉ាន់ម៉ាបានសម្លាប់យ៉ាងឃោរឃៅទៅលើក្រុមបាតុករដែលជានិស្សិត កម្មករ និងមេដឹកនាំសហជីព ព្រមទាំងកុមារផងដែរ ដែលវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងទៅដល់មនសិកា និងជំហនៃសហគមន៍អន្តរជាតិ ហើយសកម្មភាពទាំងនេះបានបំផ្លាញគោលបំណងរបស់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ាដើម្បីចង់ទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព។
គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់អាមេរិកទៅលើការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះគឺត្រូវបានធ្វើឡើងភ្លាមបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថ្កោលទោសខ្លាំងៗចំពោះព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយនេះកាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ និងហៅសកម្មភាពទាំងនោះថា ជារឿងគួរឱ្យអាម៉ាស កំសាក និងសាហាវខ្លាំងបំផុតរបស់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា។
ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិត្រូវបានគេដឹងថានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃពុធស្អែកនេះដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅមីយ៉ាន់ម៉ាព្រមទាំងប្រភពការទូតមួយចំនួនផងដែរ ក្រោមការស្នើសុំធ្វើឡើងជាបន្ទាន់ដោយប្រទេសអង់គ្លេសដែលជាអ្នករៀបចំ៕