ជប៉ុនបង្កើតរ៉ូបូតថ្មី Gitai ធ្វើកិច្ចការជំនួសកម្លាំងមនុស្សនៅទីអវកាស

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសជប៉ុនប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការបង្កើតបានរ៉ូបូតថ្មីមួយដែលមានសមត្ថភាពធ្វើកិច្ចការមួយចំនួនជំនួសឱ្យមនុស្សនៅក្នុងលំហអាកាសបាន។ រ៉ូបូតនេះមានឈ្មោះថា Gitai អាចជួសជុលផ្កាយរណបដែលកំពុងធ្វើដំណើរលើគន្លងវិថី ផ្លាស់ប្តូរថ្ម និ​ង​ដោះ​ដូរ​ឧ​បករណ៍​បែក​បាក់​មួយ​ចំនួនបានដោយងាយស្រួល​។

បច្ចុប្បន្នផ្កាយរណបដែលកំពុងមានដំណើរការជាប្រចាំនៅលើលំហអាវកាស មានចំនួនប្រមាណជា 1,500 គ្រឿង ហើយភាគច្រើនកំពុងប្រឈមមុខទៅនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីកំទេចកំទីក្នុងលំហអាកាស ដែលកើតចេញពីផ្កាយរណបចាស់ៗ។ គេជឿជាក់ថាផ្កាយរណបនេះនឹងអាចបន្តជីវិតរបស់ខ្លួនយ៉ាងហោចណាស់ច្រើនទសវត្សទៀត ព្រមទាំងកាត់បន្ថយវត្តមានអវកាសយានិកទៅធ្វើការងារលើអាវកាសទាំងប្រថុយប្រថានខ្លាំង។

ឆ្នាំនេះក្រុមហ៊ុន Gitai ក៏មានផែនការដាក់ពង្រាយរ៉ូបូតរបស់ខ្លួនទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ លើសពីនេះក៏មានផែនការអភិវឌ្ឍន៍រ៉ូបូតដោយបំពាក់បច្ចេកវិទ្យាអាចទទួលខុសត្រូវលើកិច្ចការពិសោធនិងជួសជុលឧបករណ៍ផ្សេងទៀត សម្រួលការងាររបស់មនុស្សឱ្យកាន់តែល្អប្រសើរឡើង។

កាលពីដើមខែកន្លងមកនេះ Gitai ទើបតែប្រកាសទទួលបានប្រាក់វិនិយោគបន្ថែមប្រមាណជា 17.1 លានដុល្លារដើម្បីអាចធ្វើយ៉ាងណាចាប់ផ្តើមបេសកកម្មដ៏ធំមួយរបស់ខ្លួននៅក្នុងឆ្នាំ 2023 ខាងមុខ។ តាមការបញ្ជាក់របស់លោក Sho Nakanose ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនបានឱ្យដឹងថា Gitai កំពុងដំណើរការល្អនៅក្នុងទីផ្សារប្រទេសជប៉ុន និងមានផែនការពង្រីកខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner