ទឹកប្រាក់ជាង 4 ពាន់លានដុល្លារត្រូវបានខាតបង់ដោយសារបទឧក្រិដ្ឋលើបណ្តាញអ៊ីនធឺណេតកាលពីឆ្នាំ2020
បរទេស៖ ជារបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អាមេរិក FBI កាលពីពេលថ្មីៗនេះបង្ហាញថា កាលពីឆ្នាំ2020 បទឧក្រិដ្ឋនៅលើប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងប្រទេសអាមេរិកត្រូវបានគេមើលឃើញថាមានទំហំធំ និងអត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ជាលទ្ធផលផ្នែកហិរញ្ញវត្ថុដែលត្រូវបានបាត់បង់ដោយសារបទឧក្រិដ្ឋបច្ចេកវិទ្យានេះមានចំនួនរហូតទៅដល់ 4.2 ពាន់លានដុល្លារ ហើយក្នុងនោះសកម្មភាពប្រព្រឹត្តបទល្មើសភាគច្រើនមានដូចជាការឆបោក ការមិនបង់ប្រាក់ ការបញ្ជូនលុយ និងការជំរិតទារប្រាក់ជាដើម ហើយក្នុងនោះផងដែរអាមេរិកក៏បានទទួលបណ្តឹងសរុបរហូតទៅដល់ 28,500 ករណីដែលមានពាក់ព័ន្ធទៅនឹងបញ្ហាឆបោក។
របាយការណ៍ដែលត្រូវបានគេស្គាល់ឈ្មោះថា 2020 Internet Crime Report និងទើបតែត្រូវបានដាក់បង្ហាញជាសាធារណៈដោយមជ្ឈមណ្ឌលទទួលពាក្យបណ្តឹងរបស់ FBI ឬ IC3(Internet Crime Complaint Center)គឺជាតួលេខនៃបទឧក្រិដ្ឋ និងការខាតបង់ប្រាក់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
របាយការណ៍បានលម្អិតទៀតថា ពាក្យបណ្តឹងសរុបលើគ្រប់ករណីពាក់ព័ន្ធមានទៅដល់ 791,790 ករណីដែល IC3 បានទទួលកាលពីឆ្នាំ2020 និងមានទំហំជាទឹកប្រាក់ប្រមាណជា 4.2 ពាន់លានដុល្លារធៀបទៅនឹងតួលេខដែលមាននៅក្នុងឆ្នាំ2019 មានត្រឹមតែ 3.5 ពាន់លានដុល្លារប៉ុណ្ណោះ និងត្រឹមតែ 525.4 លានដុល្លារកាលពីឆ្នាំ2012។ ករណីឆបោកដែលបានកើនឡើងនោះត្រូវបានគេមើលឃើញថាភាគច្រើនជាករណីដែលបានធ្វើឡើងនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបបញ្ហានៃការរាតត្បាតដោយសារកូវីដ ក្រោមស្នាដៃរបស់ពួកឧក្រិដ្ឋជនបានក្លែងខ្លួនជាបុគ្គលបម្រើការងារនៅក្នុងវិស័យរដ្ឋ ហើយរូបភាពឆបោកផ្សេងទៀតអាចប្រព្រឹត្តទៅបានតាមរយៈទូរស័ព្ទ ទូរសារ អ៊ីម៉េល និងបណ្តាញសង្គមទៀតផង៕