អង់គ្លេសសហការជាមួយនឹង Hyandai ត្រៀមធ្វើបដិវត្តថ្មីមួយនៃវិស័យហោះហើរ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ the WeForum នៅសប្តាហ៍នេះបានឲ្យដឹងថាប្រទេសអង់គ្លេសនឹងក្លាយទៅជាតួអង្គដំបូងគេក្នុងវិស័យហោះហើរថ្មីជាមួយនឹងបច្ចេកវិទ្យាធ្វើដំណើរដោយថាមពលបៃតងមិនប៉ះពាល់ដល់បរិស្ថានដោយក្នុងនោះអាកាសយានដ្ឋានដំបូងគេដែលត្រូវប្រើប្រាស់សម្រាប់ការហោះត្រង់ដោយយន្តហោះថាមពលអេឡិចត្រូនិក និងតាក់ស៊ីដ្រូន ក៏នឹងត្រូវសាងសង់ឡើងផងដែរ។
អាកាសយានដ្ឋាននេះ នឹងក្លាយទៅជាទីចំណតយន្ដហោះដែលមានទំហំតូចបំផុតលើលោក និងប្រើប្រាស់សម្រាប់តែបច្ចេកវិទ្យាហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះ ដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Coventry ប្រទេសអង់គ្លេស ដោយតាមផែនការមេអាកាសយានដ្ឋានបែបនេះនឹងត្រូវសាងសង់ឡើងបន្ថែមទៀតប្រមាណជា 200 កន្លែងនៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ។
ក្រៅតែប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធសាធហើយនោះទំហំរបស់វាត្រូវបានគេដឹងថាស្ថិតនៅក្នុងកម្រិតប្រមាណជា 60 ភាគរយប៉ុណ្ណោះនៃទីលានចុះចតរបស់ឧទ្ធម្ភាចក្រស្តង់ដាធម្មតា ហើយលើសពីនេះវានឹងទាមទារវិសកម្មក្នុងការសាងសង់វាត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
មកដល់ពេលនេះក្រុមហ៊ុន Hyandai បានក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងគេដែលនឹងចូលរួមនៅក្នុងកិច្ចការងារនេះជាមួយនឹងរដ្ឋាភិបាលអង់គ្លេសក្នុងគោលបំណងប្រែក្លាយរថយន្តតាក់ស៊ីហោះ ទៅជាការធ្វើដំណើរបែបអាជីវកម្មឲ្យបាននៅក្នុងឆ្នាំ2028 ខាងមុខ។
តាមការវិភាគដោយ NASA និងអ្នកជំនាញជាច្រើនទៀតបានជឿជាក់ថាវិស័យធ្វើដំណើរដោយមិនប៉ះពាល់បរិស្ថានបែបនេះនឹងក្លាយទៅជាសេវាកម្មដ៏ពេញនិយមបំផុតក្នុងប៉ុន្មានទសវត្សខាងមុខនេះនៅតាមបណ្តាទីក្រុងធំៗលើលោក ហើយគិតត្រឹមតែទីផ្សារអាមេរិកតែមួយប៉ុណ្ណោះវាអាចមានតម្លៃរហូតទៅដល់ 500 ពាន់លានដុល្លារ។ ត្រឹមឆ្នាំ 2050 ការធ្វើដំណើរបែបនេះត្រូវបានគេព្យាករណ៍ថានឹងមានទំហំប្រមាណជា 4 ភាគរយនៃការធ្វើដំណើរក្នុងស្រុកនៅទូទាំងពិភពលោក៕