មេដឹកនាំពិភពលោកព្រមទាំង WHO រកឃើញវិធីដើម្បីបង្ការវិបត្តិរាតត្បាតនាពេលអនាគត
បរទេស ៖ កូវីដបានបំផ្លាញសេដ្ឋកិច្ច និងសម្លាប់មនុស្សស្ទើរគ្រប់ទីកន្លែងលើសាកលលោក បើទោះបីជាមានវ៉ាក់សាំងហើយក្តី ប៉ុន្តែស្ថានភាពរបស់មនុស្សជាតិនៅមិនទាន់អាចវិលមករកភាពប្រក្រតីឡើងវិញនៅឡើយ។
នៅក្នុងសប្តាហ៍នេះ មេដឹកនាំប្រទេសចំនួន 23 ព្រមទាំងអង្គការសុខភាពពិភពលោកWHO ផងដែរ បានឈានទៅដល់ការយល់ព្រមគ្នាមួយក្នុងការបង្កើតសន្ធិសញ្ញាអន្តរជាតិ ដែលនឹងប្រើប្រាស់សម្រាប់កិច្ចការងារការពារវិបត្តិរាតត្បាតនៅថ្ងៃអនាគត ជាមួយនឹងក្ដីរំពឹងទុកថាអាចប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាជាបន្ទាន់ និងមានប្រសិទ្ធភាពជាងមុនសម្រាប់វិស័យសុខមាលភាពសកលលោកដែលអាចកើតមានឡើងដូចទៅនឹងបញ្ហាកូវីដនៅពេលនេះជាដើម។
គោលដៅនៃសន្ធិសញ្ញានេះគឺត្រូវបានគេដឹងថាធ្វើឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិក្នុងការទទួលបានវ៉ាក់សាំង ឬថ្នាំបង្ការព្រមទាំងការធ្វើរោគវិនិច្ឆ័យដោយស្មើភាពគ្នា ដើម្បីអាចបង្កើតបាននូវការទទួលខុសត្រូវរួមគ្នាប្រកបដោយតម្លាភាព និងកិច្ចសហប្រតិបត្តិការជាសកល។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមអំពីផែនការនៃការបង្កើតសន្ធិសញ្ញានេះ គឺជាគំនិតដែលត្រូវបានលើកឡើងដោយប្រធានសហភាពអឺរ៉ុប លោក Charles Michel ដែលលោកបានធ្វើការលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលមួយរបស់ G20 កាលពីខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅមកម្ល៉េះ។
សន្ធិសញ្ញានេះក៏ត្រូវបានគេមើលឃើញថាទទួលបានការគាំទ្រខ្លាំងពីសំណាក់បណ្តាប្រទេសមួយចំនួនដូចជា ៖ ប្រទេសហ្វ៊ីជី, ប៉ទុយហ្កាល់, រ៉ូម៉ានី, ចក្រភពអង់គ្លេស, រវ៉ាន់ដា, កេនយ៉ា, បារាំង, អាល្លឺម៉ង់, ហ្គ្រិច, កូរ៉េខាងត្បូង, ឈីលី, កូស្តារីកា, អាល់បានី,អាហ្វ្រិកខាងត្បូង, ទ្រីនីដាដ និង តូបាកូ, ហូឡង់ , ទុយនេស៊ី ,សេនេហ្គាល់, អេស្បាញ ,ន័រវេ ,ស៊ែប៊ី ,ឥណ្ឌូនេស៊ី , អ៊ុយក្រែន និងអង្គការសុខភាពពិភពលោក WHO។
នៅក្នុងសន្ធិសញ្ញានោះផងដែរក៏នឹងត្រូវបានគេមើលឃើញពីផែនការលម្អិតផងដែរអំពី បញ្ហាសុខមាលភាពរបស់មនុស្សលោក សត្វមានជីវិត និងភពផែនដី គឺត្រូវតែមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយគួរតែត្រូវបានចែករំលែកទំនួលខុសត្រូវរួមគ្នា និងស្មើភាពគ្នាព្រមទាំងកិច្ចសហប្រតិបត្តិការជាសកលផងដែរ។
នៅក្នុងលិខិតរួមមួយដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងអស់នោះបានបញ្ជាក់ថា៖ យើងជឿជាក់ថាវាគឺជាការទទួលខុសត្រូវរបស់យើងក្នុងនាមជាអ្នកដឹកនាំប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីធានាថា ពិភពលោកទាំងអស់គ្នាគឺពិតជាបានស្វែងយល់ និងរៀនសូត្រកាន់តែច្បាស់អំពីវិរុសរាតត្បាត កូវីដ-19 លើកនេះ៕