សន្ទុះផលិតកម្មតាមរោងចក្ររបស់ចិនកើនឡើងខ្លាំងរយៈពេល 3 ខែចុងក្រោយនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា សកម្មភាពផលិតកម្មនៃរោងចក្រទាំងអស់របស់ប្រទេសចិនត្រូវបាន​គេមើលឃើញថា​មានកំណើនខ្លាំងបំផុតនៅក្នុងរយៈពេល 3 ខែដើមឆ្នាំនេះទោះបីជាវាមានសភាពយឺតយ៉ាវបន្តិចនៅក្នុងអំឡុងពេលនៃរដូវកាលបុណ្យចូលឆ្នាំថ្មីរបស់ចិនក្តី ប៉ុន្តែ​ដោយ​សារ​តែ​តម្រូវការជាសកលកាន់តែច្រើនគេជឿជាក់ថាវានឹងអាចជួយឲ្យសេដ្ឋកិច្ចចិនកាន់តែងើបឡើងខ្លាំង និងរឹងម៉ាំថែមទៀត។

ប្រភពដដែលបានបញ្ជាក់ទៀតថា សន្ទស្សន៍នៃការបញ្ជាទិញ ឬ PMI (Manufacturing Purchasing Manager’s Index) របស់ចិននៅក្នុង​ខែមីនា​មាន​ការ​កើនឡើងទៅដល់51.9 ខណៈដែលសន្ទស្សន៍កាលពីខែកុម្ភៈដែលមានត្រឹមតែ 50.6 ប៉ុណ្ណោះ។ នេះបើយោងតាមការបង្ហាញទិ​ន្នន័យ​ដែលបង្ហាញដោយ​ការិយា​ល័យគ្រប់គ្រងទិន្នន័យ NBS ដែលត្រូវបានបង្ហាញនៅថ្ងៃពុធនេះ ហើយក្នុងនោះគេអាចមើលឃើញដែរថាអត្រានេះមានទំហំខ្ពស់ជាង 50 រហូតមកអស់​រយៈពេល 13 ខែចុងក្រោយនេះផងដែរ។

ជាធម្មតាសកម្មភាពរបស់រោងចក្រចិននៅទូទាំងប្រទេសគឺតែងតែមានភាពស្ងប់ស្ងាត់នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំប៉ុន្តែសម្រាប់ឆ្នាំនេះវិញកម្មកររាប់លាននាក់នៅតែបន្តធ្វើការងាររបស់ខ្លួនម្យ៉ាងដោយសារបារម្ភពីបញ្ហាកូវីដផងទើបធ្វើឲ្យអាជីវកម្មផលិតកម្មរបស់ចិនអាចដំណើរការវិញបានលឿនជាងរាល់ដង។

ការគ្រប់គ្រងបញ្ហាកូវីដបានប្រសិទ្ធភាព និងលឿនជាងគេនៅក្នុងចំណោមបណ្តាប្រទេសមហាអំណាចបានធ្វើឲ្យសេដ្ឋកិច្ចចិននៅតែមានកម្លាំង និងមិនជួបវិបត្តិ​ឡើយ​​កាលពីឆ្នាំទៅនោះហើយព្រមទាំងកំពុងស្ទុះងើបឡើងវិញខ្លាំងជាងមុនផងដែរ។ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់គោលដៅយកឲ្យបានកំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ទៅរហូតទៅដល់ 6 ភាគរយទោះបីជាវាមានកម្រិតទាបជាងការព្យាករណ៍ទុករបស់អ្នកជំនាញដែលរំពឹងថានឹងមានទៅដល់ 8 ភាគរយក្តី។ កំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ2020 ដែលមានទំហំ 2.3 ភាគរយបានធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងចំពោះមហាយក្សនេះមែនទែន ពីព្រោះថាមិនមានប្រទេសណា​ដែលជៀសផុតពីវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាត្រូវបានចាត់ទុកថាជាឆ្នាំដែលមានអត្រាកំណើនសេដ្ឋកិច្ចអន់បំផុតរបស់ចិនធៀបទៅនឹងតួលេខ​ដែលខ្លួនធ្លាប់ធ្វើបានក្នុងរយៈពេល 40 ឆ្នាំចុងក្រោយនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner