Alibaba វិនិយោគប្រាក់រាប់រយលានដុល្លារលើកម្មវិធីទិញទំនិញគ្រឿងទេសអនឡាញ Nice Tuan

Bloomberg ៖ នៅថ្ងៃនេះក្រុមហ៊ុនយក្សចិន Alibaba group holding Ltd. និងក្រុមហ៊ុន DST Global ត្រូវបានគេដឹងថាបានក្លាយ​ទៅជា​អ្នកនាំមុខគេនៅក្នុងការវិនិយោគប្រាក់រហូតទៅដល់ 750លានដុល្លារទៅលើកម្មវិធីបញ្ជាទិញគ្រឿងទេសអនឡាញដែលមានឈ្មោះថា Nice Tuan ក្នុងគោលបំណងដើម្បីបង្កើនកម្លាំងប្រកួតប្រជែងរបស់ខ្លួននៅក្នុងឧស្សាហកម្មមួយនេះ។

កម្មវិធី Nice Tuan ឬត្រូវបានគេស្គាល់ដែរថាជាក្រុមហ៊ុន Beijing Shihui Technology Co., កន្លងមក និងបច្ចុប្បន្នបានទាក់ទាញ​បាន​វិនិយោគធំតូចៗជាច្រើនរួចមកហើយដែលរួមមានទាំងក្រុមហ៊ុន D.E. Shaw&Co., Anatole Investment និង Jeneration Capital ផងដែរ ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុនកញ្ចប់លុយទាំងនោះនឹងយកទៅបង្កើនសង្វាក់ផលិតកម្មផ្គត់ផ្គង់ព្រមទាំងការបង្កើនចំនួនផលិតផលស្រស់ៗបន្ថែម​ទៀតសម្រាប់អតិថិជនរបស់ខ្លួន។

Nice Tuan ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ2018 ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ហើយផ្តោតសំខាន់អាជីវកម្មរបស់ខ្លួនទៅលើការទិញ​ផលិតផលគ្រឿងទេសដែលផលិតដោយសហគមន៍ក្នុងស្រុកហើយភ្លាមៗវាបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងអាចប្រមូលបានប្រាក់​វិនិយោគមួយចំនួនពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនផងដែរដូចជា Tencent Holding Ltd,. JD.com Inc.និង Meituan។

អតិថិជនដែលភាគច្រើនត្រូវបានឃុំខ្លួននៅផ្ទះនៅអំឡុងពេលមានការរាតត្បាតនៃកូវីដ និងចំពេលដែលប្រជាកសិករ​ក្នុងស្រុកកំពុងខ្វះទីផ្សារដើម្បីបញ្ចេញ​ផលិតផលរបស់ខ្លួនផងនោះ Nice Tuan បានក្លាយទៅជាកម្មវិធីដ៏ពេញនិយមរបស់មនុស្សរាប់លាននាក់ ហើយជឿជាក់ថានឹងអាចចាប់​យកចំណែក​ដ៏ធំមួយនៃទីផ្សារលក់គ្រឿងទេសរបស់ចិនដែលត្រូវបានគេព្យាករណ៍ថាអាចកើនឡើងរហូតទៅដល់ 193ពាន់លានដុល្លារនៅត្រឹមឆ្នាំ2025។

ក្រុមហ៊ុនអាជីវកម្មថ្មីមួយនេះក៏ទទួលបានវិនិយោគពីក្រុមហ៊ុនផ្សេងទៀតដូចជា៖ Dragoneer, DH Investments, GGV Capital, Kunlun Capital,Franchise Capital និង Cygnus Equity ផងដែរ។ មកដល់ពេលនេះ Nice Tuan បានផ្តល់សេវាកម្មរបស់ខ្លួនយ៉ាងទូលាយនៅក្នុងទីក្រុងសរុបចំនួន 1,598 មកហើយនៅទូទាំងប្រទេសចិន​ហើយជា​រៀងរាល់​ថ្ងៃខ្លួន​អាច​ទទួល​បាន​ការបញ្ជាទិញរហូតទៅដល់ 15លានដង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner