Huawei កាន់តែដុនដាបខ្លាំងក្រោមទណ្ឌកម្មមិនបង្អងដៃរបស់អាមេរិក
បរទេស ៖ អស់រយៈពេល 8 ខែមកហើយដែលក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនដ៏ល្បី Huawei ទទួលរងនូវទណ្ឌកម្មយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលអាមេរិក ដែលជាឧបសគ្គចម្បងក្នុងការអភិវឌ្ឍខ្លួនក្លាយជាកំពូលក្រុមហ៊ុនផលិតស្មាតហ្វូនលើពិភពលោក ហើយជាលទ្ធផលរហូតមកដល់ពេលនេះសូម្បីចំណាត់ថ្នាក់ទី៣ក៏គ្មានឈ្មោះផងនោះ។
បច្ចុប្បន្នភាព ៖ តើ Huawei បច្ចុប្បន្នធ្លាក់ទៅដល់កម្រិតណា?
កាលពីថ្ងៃពុធម្សិលមិញនេះក្រុមហ៊ុន Huawei បានប្រកាសថាអាជីវកម្មរបស់ខ្លួនពិតជាបានទទួលរងឥទ្ធិពលអាក្រក់ខ្លាំងមែនទែនទណ្ឌកម្មរបស់អាមេរិក ហើយវានឹងបន្តប៉ះពាល់ដល់កំណើនលក់របស់ខ្លួនបន្ថែមទៀត ពីព្រោះក្រុមហ៊ុននៅពេលនេះគឺមិនមានសិទ្ធិក្នុងការផលិតឧបករណ៍ និងផ្នែកសំខាន់ៗផ្សេងទៀតនៃស្មាតហ្វូនទៀតនោះឡើយ។
លោក Ken Hu ប្រធានគ្រប់គ្រងរបស់ Huawei បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុង Shenzhen ថា ដោយសារតែទណ្ឌកម្មដែលមានភាពអយុត្តិធម៌របស់អាមេរិក អាជីវកម្មលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបានទទួលរងភាពបរាជ័យជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុននេះមិនបានធ្វើការបញ្ជាក់លម្អិតអំពីទំហំនៃការខាតបង់ប្រាក់ចំណូលរបស់ខ្លួនដោយសារបញ្ហានេះនោះទេកាលពីឆ្នាំកន្លតទៅ ប៉ុន្តែអ្វីដែលគ្រប់គ្នាអាចមើលឃើញនោះគឺថា Huawei បានធ្លាក់ចេញពីតំណែងក្នុងនាមជាក្រុមហ៊ុននាំមុខគេ នៅក្នុងទីផ្សារប្រទេសចិន។ ប៉ុន្តែអ្វីដែលកំពុងជួយដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅពេលនេះគឺការផលិតអេឡិចត្រូនិកប្រើប្រាស់នៅក្នុងផ្ទះដូចជាកំព្យូទ័រយួរដៃ ថេប្លេត និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀតជាដើម ដែលក្នុងនោះតួលេខរបស់វាកាលពីឆ្នាំទៅគឺបានលោតឡើងរហូតទៅដល់ 65 ភាគរយធៀបទៅនឹងឆ្នាំ2019 ។
ជាលទ្ធផល វាបានធ្វើឲ្យតួលេខរបស់ប្រចាំឆ្នាំរបស់ខ្លួនទទួលបានផលប្រមាណជា 136 ពាន់លានដុល្លារកាលពីឆ្នាំ2020 ហើយប្រាក់ចំណេញសុទ្ធគឺមាន 9.9 ពាន់លានដុល្លារ ប៉ុន្តែបើគិតជាអត្រាកើនឡើងវិញ ប្រាក់ចំណេញរបស់ Huawei បានត្រឹមតែ 3.2 ភាគរយ ដែលជាតួលេខខ្សោយបំផុតមិនធ្លាប់មានឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាអត្រាប្រាក់ចំណេញសុទ្ធមានការកើនឡើង3.8 ភាគរយក៏ដោយ។ លោក Hu បានបន្តដែរថា ក្នុងពេលដែលស្ថានភាពមិនមានភាពច្បាស់លាស់បែបនេះ លោក និងក្រុមហ៊ុនគឺមិនអាចធ្វើការព្យាករណ៍ទុកជាមុនទៅលើអាជីវកម្មស្មាតហ្វូនរបស់ខ្លួនបានឡើយខណៈដែលបច្ចុប្បន្ន Oppo និង Xiaomi បានប្រមូលយកចំណែកទីផ្សាររបស់ខ្លួនទាំងនៅក្នុងប្រទេសចិន និងឆក់យកអតិថិជនដែលជាជនជាតិចិននៅក្រៅប្រទេសរួចទៅហើយនោះ៕