តម្លៃលំនៅដ្ឋានបែបឯកជននៅសិង្ហបុរីមានកំណើន2.9 ភាគរយនៅត្រីមាសដំបូងឆ្នាំ2021នេះ
បរទេស៖យោងតាមការព្យាករណ៍ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងនៃប្រទេសសិង្ហបុរី ឬ URA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបង្ហាញអំពីកំណើនតម្លៃនៃការលក់លំនៅដ្ឋានបែបឯកជនក្នុងប្រទេសនៅត្រីមាសទី1 ឆ្នាំ2021 នេះមានរហូតទោដល់ 2.9 ភាគរយ។
កំណើននេះត្រូវបានគេមើលឃើញដែរថាមានសន្ទុះខ្លាំងជាងត្រីមាសចុងក្រោយកាលពីឆ្នាំ2020 ដែលមានត្រឹមតែ 2.1 ភាគរយខណៈដែលកំណើនតម្លៃលំនៅដ្ឋានឯកជនជាមធ្យមសម្រាប់ឆ្នាំ2020 ដែលជាពេលប្រទេសកំពុងរងការវាយប្រហារខ្លាំងដោយកូវីដនោះមានត្រឹមតែ2.2 ភាគរយ។
ក្នុងនោះផងដែរ របាយការណ៍ដោយ URA បានបង្ហាញដែរថាសន្ទស្សន៍នៃអចលនទ្រព្យឯកជនទាំងមូលគឺមានការកើនឡើងទៅដល់ 161.6 ពិន្ទុពោល
គឺកើនឡើងប្រមាណជា 4.6 ពិន្ទុលើសពីសន្ទស្សន៍កាលពីត្រីមាសមុនដែលការកើនឡើងនេះត្រូវបានគេមើលឃើញដោយសារតែតម្លៃនៃការលក់អចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់ផ្សេងទៀត ឬ RCR (Rest of Central Region) សម្រាប់ត្រីមាសនេះទទួលបានកំណើនប្រមាណជា 6.1 ភាគរយខណៈដែលត្រីមាសចុងក្រោយកាលពីឆ្នាំ2020 បានទទួលត្រឹមតែ 4.4 ភាគរយ។
ដោយឡែកបើយើងក្រឡេកទៅមើលតម្លៃអចលនទ្រព្យនៅក្នុងតំបន់កណ្តាលក្រុងវិញ ឬ CCR (Core Central Region) មានការធ្លាក់ចុះប្រមាណជា0.3 ភាគរយប៉ុណ្ណោះធៀបទៅនឹងកំណើនតម្លៃកាលពីត្រីមាសចុងក្រោយដែលមានទៅដល់ 3.2 ភាគរយ។ តម្លៃក្រៅក្រុង ឬ OCR (Outside Central Region) ក៏ត្រូវបានគេមើលឃើញដែរថាមានកំណើនតិចផងដែរនៅត្រីមាសដំបូងនេះគឺត្រឹមតែ 0.9 ភាគរយធៀបទៅនឹងកំណើនដែលខ្លួនធ្លាប់ធ្វើបានកាលពីត្រីមាសមុនមានទៅដល់ 1.8 ភាគរយ។
URA ក៏បានបង្ហាញដែរថាតម្លៃដីសម្រាប់សាងសង់លំនៅដ្ឋាននៅក្នុងប្រទេសបានកើនឡើងដល់ទៅ 5.6 ភាគរយបញ្ច្រាសទៅនឹងតម្លៃដីកាលពីត្រីមាសចុងក្រោយឆ្នាំ2020 កន្លងមកដែលបានធ្លាក់ចុះរហូតទៅដល់ 1.6 ភាគរយខណៈដែលដីមិនសម្រាប់សង់លំនៅដ្ឋានបានកើនឡើង 2.1 ភាគរយនៅត្រីមាសនេះតិចជាងកំណើនដែលធ្វើបានកាលពីត្រីមាសមុនដែលមាន 3 ភាគរយ។
ទោះបីជាយ៉ាងណាក្តីរបាយការណ៍នេះត្រូវបាន URA បញ្ជាក់ថាធ្វើឡើងក្នុងរយៈពេលខ្លីដែលប្រមូលបានពីទិន្នន័យនៅក្នុងពាក់កណ្តាលខែមិនានេះប៉ុណ្ណោះហើយខ្លួននឹងធ្វើការចេញផ្សាយរបាយការណ៍ថ្មីមួយទៀតដែលប្រើប្រាស់ទិន្នន័យពេញលេញសម្រាប់ត្រីមាសទី1 នេះនាថ្ងៃទី23 ខែមេសាខាងមុខនេះ៕