អ្នកពាក់ព័ន្ធ និងអាជីវករផ្សារក្រោម នៃក្រុងសៀមរាប ​ត្រូវបានក្រុម​គ្រូពេទ្យ យកវត្ថុសំណាក វិភាគរកវារ៉ុសកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

ក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តសៀមរាប ចុះប្រតិបត្តិការណ៍ដោយមិនកំណត់ថ្ងៃ ដើម្បីយកវត្ថុសំណាកវិភាគ នៃពលរដ្ឋអ្នកពាក់ព័ន្ធ និងធ្លាប់បានចេញចូលផ្សារក្រោម នៃក្រុងសៀមរាប បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន៥នាក់ នៅទីនោះ។

ក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញប្រតិបត្តិការណ៍ នៅតំបន់ផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលក្នុងនោះអ្នកពាក់ព័ន្ធ និងសង្ស័យមិនក្រោមពី ១ពាន់នាក់នោះទេ ដែលត្រូវយកវត្ថុសំណាក ធ្វើតេស្តរកវារ៉ុសកូវីដ-១៩ ។

 លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប  មានប្រសាសន៍ថា បញ្ជាក់សារជាថ្មីថា៖ កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅនេះ នៅក្នុងផ្សារក្រោម បានរកឃើញអាជីវករចំនួន៥នាក់ មានផ្ទុកវារ៉ុសកូវីដ-១៩ ក្នុងនោះ៤នាក់រស់នៅក្នុងចង្កោមគ្រួសារតែមួយ និង ម្នាក់ទៀតជាអ្នកលក់បន្លែ ។ លោកអំពាវនាវថា សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្ទាល់ ទាំងប្រយ៉ោល និងធ្លាប់ចេញចូលផ្សារក្រោម ចាប់ពីថ្ងៃទី១៤ ខែមីនាកន្លងមក សូមមកសហការណ៍ជាមួយក្រុមការងារស័្មគ្រចិត្ត មកយកសំណាកធ្វើតេស្តកុំបីខាន ដើម្បីសុវត្ថិភាពក្នុងសហគមន៍  ។  លោកបន្តថា ប្រតិបត្តិការណ៍នេះមិនកំណត់ពេលវេលានោះទេ គឺក្រុមការងារនៅរង់ចាំទទួលសំណាក រហូតដល់អស់អ្នកពាក់ព័ន្ធ ហើយលោកក៏បានបញ្ជាក់ដែរថា កន្លងមកនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាបធ្លាប់បានបិទផ្សារ ពីរ បី កន្លែងរួចមកហើយ តែការយកសំណាកធ្វើតេស្ត ពុំរកឃើញវិជ្ជមានកូវីដ-១៩នោះឡើយ ក៏ប៉ុន្តែព្រឹត្តិការណ័នៅផ្សារក្រោមនេះ បានរកឃើញវិជ្ជមានលើអ្នកពាក់ព័ន្ធចំនួន៥នាក់រួចទៅហើយ ហើយអ្នកពាក់ព័ន្ធនិងអ្នកដែលមានការសង្ស័យ ត្រូវបន្តយកសំណាកនោះ លោកប៉ាន់ស្មានថា មិនក្រោម១ពាន់នាក់នោះឡើយ ដោយសារតែក្នុងក្រុមគ្រួសារមួយដែលមានសមាជិក៤នាក់ រកឃើញថា វិជ្ជមាននោះ ពាក់ព័ន្ធនឹងការបិទផ្សារវត្តអធ្វាផងដែរ ។

លោក ក្រុស សារ៉ាត់ បានឲ្យដឹងទៀតថា មន្ទីរពេទ្យខេត្តសៀមរាប មានមន្ទីរពិសោធន៍ធ្វើតេស្តលើវត្ថុសំណាករកវារ៉ុសកូវីដ-១៩  ដែលមានសមត្ថភាពក្នុង១ថ្ងៃ អាចវិភាគវត្ថុសំណាកបានចំនួន២០០វត្ថុសំណាក ។ បើគិតអំពីស្ថានភាពរកវត្ថុសំណាក នៅក្នុងព្រឹត្តិការណ៍១២មេសានៅផ្សារក្រោម សំណាកមួយចំនួនត្រូវបានវេចខ្ចប់បញ្ជូនទៅភ្នំពេញ ដើម្បីជួយសម្រាលបន្ទុកនៃការវិភាគ ឲ្យបានទាន់ពេលវេលា ។

គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាបបានរកឃើញវិជ្ជមានកូវីដ-១៩ចំនួន១៧ករណី ក្នុងនោះ ៧ករណី ជាការចម្លងនាំចូលពីខេត្តខាងក្រៅ និង១០ករណីទៀត ជាការចម្លងបន្តគ្នាដែលចេញពីការនាំចូលនោះ ។ ក្នុងចំណោមអ្នកជម្ងឺទាំង១៧នាក់នោះ មាន៣នាក់ហើយដែលបានទទួលការព្យាបាលជាសះស្បើយ ចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕     ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner