យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងចាប់ផ្ដើមពីថ្ងៃទី៣០ មេសា តទៅ
យោងតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមដំណើរដោយមន្ត្រីយោធាជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅថ្ងៃទី២៩មេសា ក្នុងឱកាស ចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំពិធីបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងកូវីតដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅក្នុងតំបន់ក្រហម។
ទីតាំងដែលត្រូវរៀបចំធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងនោះរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចថ្មើរជើងលេខ ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ហើយពិធីបើកយុទ្ធនាការជាផ្លូវការនៅព្រឹកថ្ងៃទី ៣០មេសា ឆ្នាំ ២០២១ ក្រោមវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា យោងតាមបញ្ជាផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ និងបទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយពីធ្វើពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ ក្រសួងការពារជាតិគ្រោងនឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញជាក្រុមៗ ចូលទៅកាន់តំបន់គោលដៅ ដែលមានហានិភ័យខ្ពស់ ការចម្លង ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ ២០២១តទៅ។ លោកថា យុទ្ធការនោះ ក្រសួងការពារជាតិ ប្ដេជ្ញាចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅក្នុងតំបន់រងគ្រោះទាំងនោះ ឲ្យរួចរាល់ក្នុងរយៈពេល ១៥ថ្ងៃ ។