ស.ស.យ.ក ខេត្តប៉ៃលិន ជូនស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩
ឯកឧត្តម ហុក សុផល អភិបាលរង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តប៉ៃលិននៅថ្ងៃទី០៩ ខែមិថុនា ២០២១ ផ្តល់ស្បៀង ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន០៦គ្រួសារ ភូមិកូនដំរី ចំនួន០១គ្រួសារ និងភូមិបាយសី ០៩គ្រួសារ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅពេលជួបជាមួយប្រជាពលរដ្ឋ ឯកឧត្តម ហុក សុផល បានក្រើនរំលឹកចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
សូមបញ្ជាក់ថា ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩នេះរៀបចំឡើងក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានស.ស.យ.ក ខេត្ត និងមានការ រួមដំណើរដោយលោក សៀ សុខុម អនុប្រធានស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និង ភូមិកូនដំរី និងក្រុមការងារយុវជនមួយចំនួនទៀត បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ក្នុង១គ្រួសារទទួលបាន ៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងទឹកសុទ្ធ៣យួរ ។