ក្រសួងពាណិជ្ជកម្ម ថា មតិដែលលើកឡើងពាក់ព័ន្ធបញ្ហាថ្លៃសាច់ជ្រូក មិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួង ដែលកំណត់ដោយរដ្ឋធម្មនុញ្ញនោះទេ

ភ្នំពេញ៖ បន្ទាប់ពីមហាជនមួយចំនួន រិះគន់ចំពោះតម្លៃសាច់ជ្រូក នៅទីផ្សារក្នុងស្រុក ខុសគ្នានឹងទីផ្សារក្រៅប្រទេស នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី បានអះអាងថា ការនាំចូលសាច់ជ្រូក និងជ្រូករស់មកចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា គឺមិនស្ថិតក្រោមក្រសួងពាណិជ្ជកម្មនោះទេ តែជាដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មនេះ បន្ទាប់ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា មិនបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនណា នាំចូលជ្រូកពីប្រទេសថៃនោះទេ ។

នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ៖ ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្ម ស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូកពីអង្គភាពជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឡើយ ។ ការធ្វើតុល្យភាព នៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិត កម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក» ។

ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការឱ្យរាជរដ្ឋា ភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជានោះ ឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ ។ លើកលែងតែក្នុងករណីមានរបាយការណ៍ស៊ើបអង្កេត ដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះ ត្រូវបាននាំចូលដោយមានការកើនឡើងដោយគំហុក នោះក្រសួងពាណិជ្ជកម្ម នឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា ។

ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នាពេលថ្មីៗនេះ ក្រសួងសង្កេតឃើញថា មានមតិមួយចំនួនលើកឡើងពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងពាណិជ្ជកម្មលើថ្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេស បញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាងប្រទេសកម្ពុជា ។ ដោយហេតុថា មតិសាធារណៈមួយចំនួន មិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ក្រសួងបានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋ អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ ហើយត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្មការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ។

ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្ម បានចរចាបើកច្រកទីផ្សារក្រៅប្រទេស ដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែល គ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅ ការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ ។ ក្នុងករណីប្រទេសណាមួយ ដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះ ដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការនាំចូលជ្រូកពីប្រទេសជិតខាង ពិសេសប្រទេសថៃ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ,ឧ វេង សាខុន ធ្លាប់បានអះអាងថា ក្រសួងមិនដែលអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយនាំចូលជ្រូកនោះទេ ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុននាំចូលជ្រូករស់ពីប្រទេសថៃឡើយ ពោលក្រុមហ៊ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនាំចូលជ្រូករស់ អាចដាក់ពាក្យស្នើសុំដោយត្រូវបំពេញតាមវិធានការដែលជាការតម្រូវឱ្យអនុវត្តនីតិវិធី និងវិធានបច្ចេកទេសចំនួន១២ចំណុច រវាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ការចិញ្ចឹមសត្វ (DLD) នៃព្រះរាជាណាចក្រថៃឡង់ដ៏ ហើយសព្វថ្ងៃមានក្រុមហ៊ុនចំនួន០៦ ដែលកំពុងទទួលបានគោលការណ៍នាំជ្រូករស់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួលគោលការណ៍នាំឆ្លងកាត់ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner