លោក ចូ បៃដិន បញ្ជាអោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 វាយប្រហារលើក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញបញ្ជាអោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 រួមជាមួយយន្តហោះបំពាក់កាំភ្លើងយន្ត AC-130 Spectre មួយចំនួនរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារលើទីតាំងរបស់ក្រុមតាលីបង់ ដែលកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុងសំខាន់ៗនៅផ្នែកខុសៗគ្នារបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ។

អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានលោក Fawad Aman បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធតាលីបង់នៅ Sheberghan ជាទីក្រុងដ៏ធំរបស់ខេត្ត Jawzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ ការបញ្ជូនក្រុមយន្តហោះយោធាអាមេរិកខាងលើ ត្រូវបានធ្វើឡើងចំពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងនៅអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បន្តដណ្តើមគ្រប់គ្រងបានដែនដីនៅពាសពេញប្រទេសនេះ ស្របពេលដែលកងទ័ពអាមេរិកត្រូវដកចេញទៅវិញ ។

ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងសំខាន់ៗចំនួនពីរ គឺទីក្រុងសេបឺហ្គាន (Sheberghan) ខេត្តចាហ្សាន (Jawzjan) ភាគខាងជើង និងទីក្រុងហ្សារ៉ាន (Zaranj) ខេត្តនីមរ៉ូហ្ស (Nimroz) នៅភាគនិរតី បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ។ ជាមួយគ្នានេះ កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ ក៏កំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅតាមទីក្រុងសំខាន់ៗ ក្នុងបណ្តាខេត្តមួយចំនួនទៀតនៅភាគខាងជើងប្រទេសផងដែរ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner