ប្រធានគណបក្សខ្មែររួបរួមជាតិ គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ
ភ្នំពេញៈលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា លោកពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ “សម្រាប់ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពេញចិត្តនឹងការលើកឡើងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឲ្យក្រសួងយុត្តិធម៌ដើម្បីពិនិត្យមើលអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដោយកំណត់ឲ្យថ្នាក់ដឹកនាំដែលជាប្រធានព្រឹទ្ធសភារដ្ឋសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិដើមកំណើតខ្មែរតែមួយដែលអាចទទួលនៅតួនាទីនេះ”។
លោកបានបន្តថា ការឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ គឺជាការមួយមានស្មារតីជាតិនិយមខ្ពស់ណាស់ ក៏ដូចជាបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ពីព្រោះកាលណាថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបើសិនជាមានសញ្ជាតិដើមពីជាតិសាសន៍ផ្សេងៗហើយមកដឹកនាំវិញ លោកជឿជាក់ថា វាអាចមានការប្រែប្រួលឬការផ្លាស់ប្តូរ និងធ្វើឲ្យខូចខាតផលប្រយោជន៍ប្រទេសកម្ពុជា។ “ពីព្រោះថា កាលណាថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បើសិនជាមានសញ្ជាតិដើមពីសាសន៍ណាផ្សេងៗមកដឹកនាំវិញ ខ្ញុំជឿជាក់ថា វាអាចមានការប្រែប្រួល ឬការផ្លាស់ប្តូរដែលអាចធ្វើឲ្យយើងអាចបាត់បង់ ឬក៏ខូចខាតផលប្រយោជន៍ប្រទេសកម្ពុជារបស់យើង បូរណាភាពទឹកដីរបស់យើង។ ខ្ញុំសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។”
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃទី៦ តុលា ថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ សម្តេចបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា៕
ដោយៈ ពលជ័យ