គ្រឿងញៀនជិត ២០០គីឡូក្រាម ដែលឈ្មួញបានលួចដឹកតាមទន្លេពីប្រទេសឡាវ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅខេត្តស្ទឹងត្រែង
ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
យោងតាមមន្ត្រីសមត្ថកិច្ចការពារព្រំដែនបានឱ្យដឹងថា ក្នុងពេលកម្លាំងនគរបាលការពារព្រំដែនកំពុងចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញទូកកាណូតមួយគ្រឿងបើកពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ចូកទឹកដីឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ នៅលើទូកនោះ ដឹកសុទ្ធតែការ៉ុងជាច្រើន។
ដោយសង្ស័យជារបស់គេចពន្ធ កម្លាំងនគរបាលក៏បានដេញតាមឱ្យឈប់ដើម្បីត្រួតពិនិត្យ។ រហូតដល់ចំណុចកោះល្ង ភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ជនល្មើសបានបើកកាណូតរត់ឡើងគោក ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល។ កម្លាំងនគរបាលបាលក៏បានឆែកក្នុងការ៉ុងនោះ ក៏ស្រាប់តែប្រទះឃើញសុទ្ធតែជាថ្នាំញៀនទាំងអស់។
ប្រភពដដែលបានបន្តថា សមត្ថកិច្ចបានពិនិត្យឃើញមានគ្រឿងញៀនចំនួន១៧០ដុំ ស្មើនឹងប្រហែល១៧០គីឡូក្រាម។មិនមានសេចក្តីរាយការណ៍ថាតើគ្រឿងញៀនទាំងនោះជាប្រភេទគ្រឿងញៀនអ្វីនោះទេ។
បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនគ្រឿងញៀនទាំងនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕