យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្ត មន្ទី រ អង្គភាព ស្ថាប័ន កងកម្លាំងពាក់ព័ន្ធ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម បានចូលរួមនៅសាលាខេត្តបន្ទាយមានជ័យ ។
លោក សុខ ចន្ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា គោលបំណងនៃយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺដើម្បីទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត ។
លោក សុខ ចន្ថា រាយការណ៍ថា រយៈពេល ៩ខែ ឆ្នំ២០២១នេះគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៦៣ករណី លើ ៦២ករណី កើនឡើង១ ករណីគ្រោះថ្នាក់ប្រភេទធ្ងន់កើតឡើង ៦២ករណីលើ ៥៨ករណីកើនឡើង ៤ករណី គ្រោះថ្នាក់ប្រភេទស្រាលកើតឡើង១ករណីលើ៤ករណី ថយចុះ៣ ករណី ។ ចំនួនមនុស្សស្លាប់ ៤៨នាក់ ស្រី ៦នាក់ លើ ៥៣នាក់ ស្រី ១០នាក់ ថយចុះ ៥ នាក់ ។
របួសធ្ងន់ ៣៨នាក់ ស្រី១០នាក់លើ៥៣នាក់ស្រី១៨នាក់ ថយចុះ១៥នាក់ របួសស្រាល ២០នាក់ស្រី ៧នាក់ លើ ៣៨នាក់ថយចុះ ១៨នាក់ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ជំរុញឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ជាពិសេសសិស្សានុសិស្សក្នុងខេត្ត ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ពេលរាល់ពេលបើកបរ មិនថាធ្វើដំណើរទៅទីជិត ឬទីឆ្ងាយឡើយ។ ឯកឧត្តមបានណែនាំឱ្យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ ដើម្បីការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវទាំងអស់ផងដែរ ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានមានប្រសាសន៍ថា បច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា បានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយឡែកចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានចំនួនការកើនឡើងនៅឡើយ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់នៃការមិនបានពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់នៅតែបន្តកើតឡើង។
ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំអំពី Cambodia Driving Rules កម្មវិធីថែទាំផ្លូវ (Road Care App) ព្រមទាំងការចែកជូននូវឯកសារមួយចំនួន ដូចជា សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាត ៕ ដោយ ៖ ឃឹន គន្ធា