កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ រយៈពេល២ថ្ងៃចាប់ផ្តើមផ្សាយចេញពីរាជធានីភ្នំពេញ (Video Inside)

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣រយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនារសៀលថ្ងៃទី២៥វិច្ឆិកា ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ បានជម្រុញប្រទេសជាសមាជិក ASEM ទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលរបស់ខ្លួន។

កម្ពុជាបានក្លាយជាប្រធានដឹកនាំកំពូល ASEM លើកទី១៣ តាំងពីឆ្នាំ២០២០នោះមក ប៉ុន្តែវិបត្តិឆ្លងកូវីដ១៩ ភ្លាមៗនៅលើសកលលោក បាននាំឲ្យកិច្ចប្រជុំនេះ បានពន្យាពេលយ៉ាងហោច២ដងរួចមកហើយ។ កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះ បានលើកពេលពីចុងឆ្នាំ ២០២០ មកពាក់កណ្តាលឆ្នាំ២០២១ និងបន្តលើកមក ចុងឆ្នាំ២០២១។

ក្នុងការបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ នារសៀលថ្ងៃទី២៥វិច្ឆិកានេះ ឥស្សរជនបរទេស ដែលជាវាគ្មិននយោបាយល្បីៗ បានចួលរួមក្នុងការថ្លែងសុន្ទរកថា និងឥស្សរជននយោបាយខ្មែរក្នុងស្រុក ក៏បាន ចូលរួមក្នុងការថ្លែងសុន្ទរកថាផងដែរក្រោមមូលបទនៃកិច្ចប្រជុំ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។

ប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM បាន ថ្លែងថាកិច្ចប្រជុំកំពូលនាពេលនេះ បានកំណត់គោលដៅ របស់ខ្លួនដោយឈរលើគោលការណ៍នៃកំណើនរួមគ្នា, ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងពហុភាគីនិយមផ្អែក លើវិធានច្បាប់។

សម្តេចតេជោ ហ៊ុន សែន នៅបានបញ្ជាក់ជុំវិញគោលបំណងសំខាន់ៗចំនួន៦ថែមទៀតសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី១៣នាពេលនេះ ក្នុងនោះរួមមានទីមួយការធ្វើឳ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព, ទី២ ការលើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បីអភិបាលកិច្ចសកល, ទី៣ ការលើក កម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់, ទី៤ការទាញអត្ថប្រយោជន៍ពីនវានុវត្តន៍, ការតភ្ជាប់ ឌីជីថលនិងបដិវត្តន៍ឧស្សាហកម្ម៤ចុចសូន្យ, ទី៥ ការពង្រឹងភាពលេចធ្លោនិងភាពពាក់ព័ន្ធរបស់ ASEM និងទី៦ ការដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ការប្រែប្រួលអាកាសធាតុ, ភាពក្រីក្រ, ការលើកកម្ពស់សិទ្ធិអំណាច ស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។

កិច្ចប្រជុំកំពូល ASEM13 រយៈពេល២ថ្ងៃនេះ គ្រោងនឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ ប្រធានអង្គប្រជុំASEM13, (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្ដារសង្គម-សេដ្ឋ កិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង(៣) ឯកសារសកម្មភាព អនាគតស្តីពីការតភ្ជាប់ ASEM។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner