គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) ​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ជេត ជាលី អនុប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា​ និងលោកស្រី Cludia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) អនុប្រធានតំណាងOHCHR។​


សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកស្រី ក្លូឌៀ បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា​ ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយ គ.ស.ម.ក. ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

ចំណែកឯកឧត្តម ជេត ជាលី បានមានប្រសាសន៍ថា ដើម្បីឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព និងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពីសិទ្ធិមនុស្ស ទើបអនុញ្ញាតឱ្យ គ.ស.ម.ក. ធ្វើសេចក្តីព្រាងនេះឡើង។

សេចក្តីព្រាងច្បាប់នេះបានរៀបចំធ្វើឡើងរវាង គ.ស.ម.ក. ជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមានទីតាំងនៅអូស្ត្រាលី។

គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។ អង្គសិក្ខាសាលាបានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុលរាល់មាត្រា និងជំពួកនីមួយៗក្នុងស្មារតី សាមគ្គីភាព និងស្និទ្ធស្នាល ប្រកបដោយជោគជ័យ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner