ការិយាល័យអេឡិចត្រូនិករបស់ឯកឧត្តម ហ៊ុន ម៉ានីត្រូវការដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ
ការិយាល័យអេឡិចត្រូនិករបស់ ឯឧត្តម ហ៊ុន ម៉ានី ដែលមានការចនា និងតម្លើងជាមួយមុខងារយ៉ាងច្រើនសម្បូរបែបក្នុងគេហទំព័រ hunmany.kh ត្រូវបានប្រកាសដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការិយាល័យអេឡិចត្រូនិកនេះ គឺជាគេហទំព័រផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានរៀបចំតម្លើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់សាធារណជន ក្នុងការស្វែងរកព័ត៌មាន និងផ្សារភ្ជាប់ទំនាក់ទំនងមកកាន់ ឯកឧត្តម ហ៊ុន ម៉ានី លើគ្រប់ក្របខ័ណ្ឌការងារ បានឆាប់រហ័សតាមរយៈប្រព័ន្ធអេឡិចត្រូនិក។ ការិយាល័យអេឡិចត្រូនិករបស់ ឯកឧត្តម ហ៊ុន ម៉ានី មានគោលដៅ និងមុខងារចម្បងបួនសំខាន់ៗ ក្នុងនោះរួមមាន៖ (១) ជាប្រភពនៃព័ត៌មានផ្លូវការនានាអំពី ឯកឧត្តម ហ៊ុន ម៉ានី ក្នុងទម្រង់ចំរុះរួមមានជាអត្ថបទព័ត៌មាន វីដេអូឃ្លីប ឬឯកសារផ្សព្វផ្សាយ ដែលសាធារណជនអាចធ្វើការចូលមើល និងទាញយក (២) ផ្តល់នូវវេទិកាសម្រាប់បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនងសាធារណៈ ដោយការបញ្ជ្រាបទស្សនាទាន សារខ្លី ឬសម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ានី ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស បន្ថែមលើមធ្យោបាយផ្សព្វផ្សាយដែលមានស្រាប់តាមបណ្តាញសង្គមនានា (៣)ជាយន្តការបង្ហាញពីបេសកកម្ម និងការបំពេញការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគ្រប់ក្របខណ្ឌការងាររួមមាន៖ ការងារនយោបាយ ការងារក្នុងអង្គនីតិបញ្ញត្តិ ការងារមូលដ្ឋាន ការងារសង្គម និងការងារយុវជន ។ល។ និង(៤) ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំជំនាន់ថ្មី ដែលចាំបាច់ក្នុងការសម្របខ្លួនតាមការវិវត្តន៍សង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ដោយការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកវិសាលភាព និងប្រសិទ្ធភាពក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាធារណជន។
ក្នុងនោះផងដែរ ជាមួយនឹងពហុមុខងារដូចមានរៀបរាប់ខាងលើ ការិយាល័យអេឡិចត្រូនិកនេះ នឹងអនុញ្ញាតឱ្យសាធារណជនទទួលបានព័ត៌មានរបស់ ឯកឧត្តម ហ៊ុន ម៉ានី លើគ្រប់ក្របខណ្ឌការងាររួមមាន៖(១) ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (២) ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (៣)អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (៤)ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី (៥)អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ (៦)ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា៤.០។
សូមជម្រាបជូនដែរថា សម្រាប់គេហទំព័រ hunmany.kh ដែលប្រើប្រាស់ជាការិយាល័យអេឡិចត្រូនិកនេះ គឺបានទទួលសិទ្ធក្នុងការប្រើប្រាស់ Domain.kh តែមួយគត់នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ហើយនិងបានដាក់បង្ហោះបានសម្រេចជាស្ថាពរ៕