មនុស្ស​ជំនិត​លោក​ កឹម សុខា វ៉ៃ​បក៖ សម រង្ស៊ី ភ័យ​រហូត​លែង​ឱ្យ​ឆ្កែ​កាច​បក​ខាំ​លោក កឹម សុខា

ភ្នំពេញៈ លោក ​មុត ចន្ថា មនុស្ស​ជំនិត​លោក​ កឹម សុខា បាន​ឆ្លើយតប​ទៅ​មេ​ឧទ្ទាម​ក្រៅច្បាប់​ថា ស្របពេល​ជាមួយគ្នា​លោក សម រ​ង្ស៊ី បង្ហាញ​ពី​ការភ័យខ្លាច​ខ្លាំង បន្ទាប់ពី​លោក កឹម សុខា បានប្រកាស​ឱ្យ​ឈប់​យកឈ្មោះ និង​រូបថត​គាត់​ទៅប្រើ​ប្រាស់ដើម្បី​មហិច្ឆតា​នយោបាយ​របស់​គាត់ និង​ក្រុម​គាត់ ព្រោះ​អស់​មាន​អ្វី​ត្រូវ​យកទៅ​កុហក​អ្នកគាំទ្រ​ទៀត​។ ភ័យ​រហូត​ដោះលែង​ឱ្យ​ឆ្កែ​កាច រួមទាំង​អតីត​តំណាងរាស្ត្រ​ម្នាក់​ដែល​ធ្លាប់​លួច​ឆី ​និង​យកប្រពន្ធ​មិត្តភក្តិ បក​ខាំ​លោក កឹម សុខា វិញ​។ អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ គ្រាន់តែ​លោក កឹម សុខា ប្រកាស​មិន​ឱ្យ​លោក សម រង្ស៊ី យកឈ្មោះ​ និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន លោក សម រ​ង្ស៊ី ខំ​ស្រែក​ស្លន់ស្លោ​យក​លេស​ថា លោក កឹម សុខា កំពុងស្ថិត​ក្រោម​សម្ពាធ និង​ជា​ចំណាប់ខ្មាំង​។​

​លោក ​មុត ចន្ថា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ​ថា អ្នកដឹកនាំ​ត្រូវ​គិត​ឱ្យបាន​ហ្មត់ចត់​ និង​ច្បាស់លាស់​មុននឹង​និយាយ​ចេញ និង​ធ្វើ​សកម្មភាព​អ្វីមួយ មិនមែន​និយាយ ឬ​ធ្វើ​អ្វី​តាម​អារម្មណ៍​នឹកឃើញ និង​តាម​ទំនើងចិត្ត​នោះទេ​។ លោក សម រ​ង្ស៊ី ខ្លួនឯង​ជា​អ្នក​ដែល​បាន​រុះរើ​ផ្ទះ​សង់​រួមគ្នា និង​វេច​បង្វេច​ចុះ​ចេញពីផ្ទះ​ដោយ​បើកចំហ​។

មូលហេតុ ៖ ទី​១. ការចុះ​សំបុត្រអាពាហ៍ពិពាហ៍ ឬ អេ​តា​ស៊ី​វិលៈ ភាគី​ណាមួយ ប្តី ឬ​ប្រពន្ធ​ចុះ​ចេញពីផ្ទះ​រួមរស់​ជាមួយគ្នា​ទៅ​បង្កើត​គ្រួសារ​ថ្មី ឬ​អតីត​គ្រួសារ​ឡើងវិញ គឺ​ភាគី​នោះបាន​ប្រកាស​ផ្តាច់​សង្វាស​ក្នុងនាម​ជា​គ្រួសារ​តែមួយ​ទៀតហើយ​។ ក្នុងករណីនេះ លោក សម រ​ង្ស៊ី បាន​ចុះ​ចេញពីផ្ទះ រួច​ទៅ​កសាង​ផ្ទះ​ថ្មី​ជាមួយ​អតីត​គ្រួសារ​វិញ គឺ «​គណបក្ស​ភ្លើងទៀន​» ។
ទី​២. ការចុះកិច្ចសន្យា​ពាណិជ្ជ​កម្មៈ កាលណា​ភាគី​ណាមួយ​ដកខ្លួន​ជា​ឯកតោភាគី​ទៅ​ចុះកិច្ចសន្យា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ថ្មី សម្រាប់​សកម្មភាព​ពាណិជ្ជ​កម្ម​ដូចគ្នា មានន័យថា​ភាគី​នោះបាន​ប្រកាស​លុបចោល​កិច្ចសន្យា ព្រោះ​ក្នុង​បញ្ញត្តិ​កិច្ចសន្យា​ចាស់​ហាម​ដាច់ខាត​មិនឱ្យ​ភាគី​ណាមួយ​លួច​ទៅ​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម​ដូចគ្នា​ជាមួយ​អ្នកផ្សេង​ឡើយ​។ ការ​លួច​ទៅ​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម​ថ្មី​នេះ គឺជា​ការរំលោភ​លើ​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ទៀត​មាន​សិទ្ធិ​ប្តឹង​ទាមទារ​សំណង​ខូចខាត​បាន​។ កិច្ចព្រមព្រៀង ស្តីពី​ការរួបរួម​រវាង​គណ​បក្ស​សមរ​ង្ស៉ី (​បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន​) និង​គណបក្ស​សិទ្ធិមនុស្ស គឺ​បានចែង​កំណត់​យ៉ាងច្បាស់​ថា គណបក្ស​ទាំងពីរ​ត្រូវធ្វើ​សកម្មភាព​រួមគ្នា​តែមួយ ដើម្បី​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ និង​មិនត្រូវ​ចូលរួម​ការបោះឆ្នោត​ឡើយ​។ ដូច្នេះ​នៅពេលដែល​លោក សម រ​ង្ស៊ី បានអនុញ្ញាត ឬ​បើកដៃ​ឱ្យ​គណបក្ស​ភ្លើងទៀន​ដំណើរការ​ឡើងវិញ ធ្វើ​សកម្មភាព​នយោបាយ​ជាថ្មី និង​ត្រៀម​ចូលរួម​បោះឆ្នោត គឺ​គាត់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ ហើយ​គាត់​ជា​អ្នក​ចុះចោល​ផ្ទះ ឬ​ក្បត់​លោក កឹម សុខា និង​ក្បត់​អ្នកគាំទ្រ។​
​ទី​៣. ការប្តឹង​ទាមទារ​សំណង​ចំពោះ​ការរំលោភ​កិច្ចសន្យាៈ លោក កឹម សុខា បានស្នើ​ឱ្យ​លោក សម រ​ង្ស៊ី និង​ក្រុម​របស់គាត់​បញ្ឈប់​យក «​ឈ្មោះ និង​រូបថត​របស់គាត់​» ទៅប្រើ​ប្រាស់​តទៅ​ត់​ទៀត ដើម្បី​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។ នេះ​ជាការ​ទាមទារ​យ៉ាង​ត្រឹមត្រូវ​បំផុត​ពី​សំណាក់​ជនរងគ្រោះ គឺ​លោក កឹម សុខា ដែល​មិន​អនុញ្ញាតឱ្យ​ភាគី​ល្មើស​បន្ត​កេងចំណេញ ឬ​កេងប្រវ័ញ្ច​ផលប្រយោជន៍​របស់គាត់ តទៅទៀត។ ខ្លួនឯង​ក្បត់ ខំ​រក​លេស​បង្វែរ​ការ​ពិត​!។
​ទី​៤. ការ​ចងសម្ព័ន្ធភាព​ន​យោ​បាយៈ កិច្ចព្រមព្រៀង​បង្កើត​សម្ព័ន្ធភាព​ក៏​នឹងត្រូវ​បញ្ចប់​ទៅវិញ នៅពេលណា​ភាគី​ណាមួយ​ងាក​ចេញទៅ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្សនយោបាយ​ផ្សេងទៀត ឬ​ធ្វើ​សកម្មភាព​នយោបាយ​ផ្ទុយ​ពី​ស្មារតី​ដើម​។ លោក សម រ​ង្ស៊ី បាន​បើកដៃ និង​គាំទ្រ​ឱ្យ​គណបក្ស​ភ្លើងទៀន​ដែលជា​គណបក្ស​របស់គាត់​នៅក្នុង​សម្ព័ន្ធភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយឱ្យ​ដំណើរការ​ឡើងវិញ ធ្វើ​សកម្មភាព​នយោបាយ​ជាថ្មី និង​ត្រៀមលក្ខណៈ​ចូលរួម​ការបោះឆ្នោត ដូច្នេះ​លោក សម រ​ង្ស៊ី បាន​បែកចេញ​ជាមុន​រួចហើយ​។ គណបក្ស​ភ្លើងទៀន​ដំណើរការ​ឡើងវិញ ស្មើនឹង​លោក សម រ​ង្ស៊ី ដកខ្លួន​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើសិន​គ្មាន​គណបក្ស​ភ្លើងទៀន​ស្ថិតក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រ​ង្ស៊ី គ្មាន​គណបក្ស​តំណាង​ទៀត​ទេ ផ្ទុយទៅវិញ​មានតែ​គណបក្ស​សិទ្ធិមនុស្ស​តែមួយគត់​ស្ថិតក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​
​ទី​៥. ការ​ច្របាច់​ចូលគ្នាៈ ទាំង​គណបក្ស​សម រ​ង្ស៊ី (​បក្ស​ភ្លើងទៀន​) និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​បង្កើតបានជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១២ រួចហើយ​។ ជាក់ស្តែង​គណបក្ស​ទាំងពីរ គឺ​គ្រាន់តែ​ជា​គណបក្ស​ចាំផ្ទះ ដើម្បី​ថែរក្សា​មុខតំណែង​មន្ត្រី​ជាប់ឆ្នោត​មូលដ្ឋាន គឺ​មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កុំឱ្យ​បាត់បង់​ប៉ុណ្ណោះ ដោយសារ​ច្បាប់បោះឆ្នោត​ចែង​បញ្ញត្តិ​ថា​មន្ត្រី​ជាប់ឆ្នោត​នឹងត្រូវ​បាត់បង់​តំណែង ក្នុងករណី​បាត់បង់​សមាជិកភាព​ក្នុង​គណបក្សនយោបាយ​សាម៉ី ឬ​គណបក្ស​សាមី​ត្រូវបាន​រំលាយ​។ ដូច្នេះ នៅពេល​លោក សម រ​ង្ស៊ី បើកដៃ និង​គាំទ្រ​ឱ្យ​គណបក្ស​ភ្លើងទៀន ដែល​គ្រាន់តែ​ជា​គណបក្ស​ចាំផ្ទះ ឱ្យ​ដំណើរការ​ឡើងវិញ ធ្វើ​សកម្ម​នយោបាយ​ជាថ្មី និង​ត្រៀមលក្ខណៈ​ចូលរួម​ការបោះឆ្នោត គឺ​គាត់​បាន​រំលោភបំពាន​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ​។ លោក សម រ​ង្ស៊ី បាន​រត់​ចោលផ្ទះ។​

​លោក​ មុត ចន្ថា បាន​បន្តថា អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ គ្រាន់តែ​លោក កឹម សុខា ប្រកាស​មិន​ឱ្យលោក សម រង្ស៊ី យកឈ្មោះ​និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន លោក សម រ​ង្ស៊ី ខំ​ស្រែក​ស្លន់ស្លោ​យក​លេស​ថា លោក កឹម សុខា កំពុងស្ថិត​ក្រោម​សម្ពាធ និង​ជា​ចំណាប់ខ្មាំង​។ ប្រហែលជា​គាត់​បាត់​ការចងចាំ ឬ​អង្គ​ចងចាំ​គាត់​ធ្លាក់​ខ្សោយ ព្រោះ​កន្លងមក​ក្រុម​មេធាវី​របស់លោក កឹម សុខា ធ្លាប់​ស្នើ​ជាច្រើនលើក​ឱ្យ​លោក សម រ​ង្ស៊ី បញ្ឈប់​យកឈ្មោះ​និង​រូបថត​របស់លោក កឹម សុខា ទៅប្រើ​ប្រាស់ បែរជា​គាត់​ប្រកែក​ញ៉ា​ញ​ថា​មិនមែនជា​សំដី​របស់លោក កឹម សុខា នោះទេ ហើយ​ថែមទាំង​ទាមទារ​ឱ្យ​លោក កឹម សុខា ចេញមក​និយាយ​ផ្ទាល់​ទើប​ជឿ​។ ឥឡូវ​ដល់ពេល​លោក កឹម សុខា បាន​ថ្លែង​សារ​ដោយផ្ទាល់ បែរជា​គាត់​យក​លេស​ថា​ដោយសារ​សម្ពាធ គំរាមកំហែង ចំណាប់ខ្មាំង​។ អស្ចារ្យ​មែន នេះ​បានជា​មហា​ក្រឡិចក្រឡុច​!​។​

​មនុស្ស​ជំនិត​លោក ​កឹម សុខា បាន​ចំអក​ថា ស្របពេល​ជាមួយគ្នា លោក សម រ​ង្ស៊ី បង្ហាញ​ពី​ការភ័យខ្លាច​ខ្លាំង បន្ទាប់ពី​លោក កឹម សុខា បានប្រកាស​ឱ្យ​ឈប់​យកឈ្មោះ​និង​រូបថត​គាត់​ទៅប្រើ​ប្រាស់ ដើម្បី​មហិច្ឆតា​នយោបាយ​របស់​គាត់ និង​ក្រុម​គាត់ ព្រោះ​អស់​មាន​អ្វី​ត្រូវ​យកទៅ​កុហក​អ្នកគាំទ្រ​ទៀត​។ ភ័យ​រហូត​ដោះលែង​ឱ្យឆ្កែ​កាច រួមទាំង​អតីត​តំណាងរាស្ត្រ​ម្នាក់​ដែល​ធ្លាប់​លួច​ឆី​និង​យកប្រពន្ធ​មិត្តភក្តិ បក​ខាំ​លោក កឹម សុខា វិញ​។ បើកភ្នែក​ឱ្យ​ធំ សម្លឹង​ឱ្យ​ឆ្ងាយ​ឱ្យបាន​ច្បាស់ គឺ​លោក កឹម សុខា មិនមែនជា​អ្នក​បំបែក​នោះទេ ផ្ទុយទៅវិញ​លោក សម រ​ង្ស៊ី និង​គូកន​របស់គាត់​ទៅវិញ​ទេ ដែល​បាន​បង្កើត​ចលនា​ខុស​ច្បប់ និង​វិល​ទៅ​បក្ស​ភ្លើងទៀន​វិញ​។ អ្នក​បំបែក​ក៏​លោក សម រ​ង្ស៊ី ហើយ​អ្នក​រត់ចោល​អ្នកគាំទ្រ​ក៏​ជា​លោក សម រ​ង្ស៊ី បែរជា​មក​ព្រួស​ឈាម​ដាក់​លោក កឹម សុខា វិញ​។ មិនចេះ​ខ្មាស់​គេ​ទេ​អី​!​។​

​ចំណែក​លោក​ ម៉ៅ មុនី​វណ្ណ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា គ្រាន់តែ​លោក​កឹម សុខា ប្រកាស​មិន​ឱ្យ​សម រង្ស៊ី យកឈ្មោះ និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន ហេតុ​អី​ភ័យ​ម៉្លេះ? ឱ្យ​ឆ្កែ​ខ្លួន​បក​ខាំ​លោក​កឹម សុខា វិញ​។ ខ្លាច​ជីវិត​នយោបាយ​ខ្លួន​ចប់ ​ឬមួយ​ខ្លាច​ដើរ​បោក​លុយ​គេ​លែង​បាន​។ ​លោក ​កឹម ​សុខា​ មិនមែនជា​អ្នក​បំបែក​ឯណា គឺ​សម រង្ស៊ី​ និង​បរិវា​ទៅ​បង្កើត​ចលនា​ និង​វិល​ទៅ​បក្សភ្លើងទៀន​វិញ​នោះ​ហើយ ​ជា​អ្នក​បំបែក​អ្នកប្រជាធិបតេយ្យ​៕
ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner