ឯកឧតុ្តមរដ្ឋមន្ត្រី អ៊ិត សំហេង អនុញ្ញាតឲ្យប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍ សេវាកម្ម ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ម ដឹកនាំក្រុមការងាររបស់សហភាពចូលជួបពិភាក្សាការងារនូវកិច្ចការមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងការងារ។គោលបំណងនៃជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីនេះ គឺដើម្បីសម្តែងការគួរសមផង និងពិភាក្សាការងារក្នុងភាពជាដៃគូរជាមួយក្រសួងដើម្បីផ្តល់កិច្ចការពារសិទ្ធ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករកាន់តែប្រសើរថែមទៀត។
លោក អាត់ ធន់ បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហការគាំទ្រ ជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនរបស់សហជីពនៅក្នុងដំណើរបំពេញបេសកម្មការពារអត្ថប្រយោជន៍ សិទ្ធសេរីភាព លក្ខខណ្ឌការងាររបស់កម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងវិស័យទេសចរណ៍, វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងវិស័យមួយចំនួនទៀត។ នៅក្នុងដំណាក់កាលនៃបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ បានខិតខំដាក់ចេញនូវវិធានការ តាំងពីជុំទី១ ដល់បច្ចុប្បន្នជុំទី១០ សំដៅជួយរក្សាលំនឹងពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បីធានានូវនិរន្តភាពការងារ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលរងផលប៉ះពាល់ខ្លាំង។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រីករាយ ស្វាគមន៍ ក្នុងការធ្វើជាដៃគូជាមួយសហជីពដែលក្រសួងតែងតែធ្វើកិច្ចការនេះជាមួយគ្នា ជារៀងរហូតមក ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងយន្តការនានាជាលក្ខណៈទាំងទ្វេភាគី និងត្រីភាគី ដែលជាការកាត់បន្ថយបាននូវការមិនយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលអាចក្លាយទៅជាការមិនយល់គ្នា ហើយបង្កទៅជាវិវាទការងារ ឈានទៅការធ្វើបាតុកម្ម កូដកម្មគ្រប់រូបភាព ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញដល់សង្គមជាតិ ខូចផលប្រយោជន៍ទាំងនិយោជក និងបងប្អូនកម្មករនិយោជិត ហើយប៉ះពាល់ដល់ការរីកចំរើនរបស់សេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល បាននិងកំពុងបន្តខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពដល់បងប្អូនកម្មករនិយោជិត និងជួយរោងចក្រ សហគ្រាសឲ្យមានលទ្ធភាពបើកដំណើរការផលិតកម្ម អាជីវកម្ម ដើម្បីបន្តឲ្យមាននិរន្តភាពការងារជូនបងប្អូនកម្មករនិយោជិត។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ គឺមានការរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងដំណាក់ការកូវីដ-១៩នេះ ដោយក្រុមហ៊ុនខ្លះពិបាកទប់ទល់ទៅនឹងវិបត្តិការឆ្លងរាតត្បាតនៃជំងឺ ដែលបានអូសបន្លាយប្រមាណជា២ឆ្នាំមកនេះ ត្រូវបានបិទទ្វារឈប់ដំណើរការអាជីវកម្មរបស់ខ្លួន។ នេះជាស្ថានភាពលំបាករួមជាសកល ផ្នែកវិស័យទេសចរណ៍នេះ ប្រទេសណាក៏ប៉ះទង្គិចដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ខាងសហជីពឲ្យមានការយោគយល់នៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលទាំងនិយោជក និងកម្មករនិយោជិតក្នុងវិស័យនេះជួបការលំបាក បើទោះជារាជដ្ឋាភិបាលបានផ្តល់នូវការអន្តរាគមន៍ជួយដល់ការព្យួរការងារ ក៏និយោជកភាគច្រើនក្នុងវិស័យនេះមិនអាចដោះស្រាយបាននូវការធានាដល់អត្ថប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិតដូចក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង។ ឯកឧត្តមសង្ឃឹមថា ពេលដែលវិស័យទេសចរណ៍អាចមានដំណើរការល្អប្រសើរឡើងវិញ ការគិតគូលើលក្ខខណ្ឌការងារ ជាពិសេសលើអត្ថប្រយោជន៍នានារួមទាំងការពង្រីកវិសាលភាពទៅប្រាក់ឈ្នួលអប្បបរមា ក៏នឹងត្រូវយកមកពិភាក្សានៅក្នុងយន្តការនៃក្រុមប្រឹក្សាជាតិបា្រក់ឈ្នួលផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមចែករំលែកនូវកខ្វល់ និងបញ្ហាប្រឈម ដែលសហជីពបានលើកឡើង ហើយក្រសួង បានគិតគូ និងយកចិត្តទុកដាក់ជាខ្លាំង ក្នុងក្របខណ្ឌការពារផលប្រយោជន៍របស់កម្មករនិយោជិត ឲ្យទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យអគ្គនាយដ្ឋានការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា បន្តធ្វើការកាន់តែជិតស្និតថែមទៀតជាមួយបងប្អូនសហជីព ដោះស្រាយនៅចំណុចដែលសេសសល់អោយបានឆាប់ ហើយពិនិត្យរៀបចំនូវសេចក្តីណែនាំ ឬលិខិតបទដ្ឋានគតិយុត្តិបន្ថែម ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាសហជីព ត្រូវចាត់ទុកក្រសួងជាដៃគូ ជាយន្តការផ្តល់សេវាផ្លូវច្បាប់ បើមានបញ្ហាប្រឈមអីមួយគិតថាមិនអាចធ្វើការដោះស្រាយបាន អាចមកពិគ្រោះយោបល់កិច្ចការផ្សេងៗទាំងនោះ ជាមួយក្រសួងបានគ្រប់ពេលវេលា៕