មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាសំដៅរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាឱ្យមានសន្ទុះឈានឡើងថែមទៀត
ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និង ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Anatoly BOROVIK ។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-រស្ស៊ី និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ីរហូតមក ដោយភ្ជាប់ជាមួយនឹងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានសម្តែងនូវភាពកក់ក្តៅជូនប្រទេស និងប្រជាជនរុស្ស៊ី។ លោក បានបន្ថែមថា កន្លងមកប្រទេសទាំងពីរក៏បានបន្តថែរក្សាពូនជ្រំទំនាក់ទំនងឱ្យកាន់តែប្រសើរតាមរយៈកិច្ចសន្ទនានយោបាយទៀងទាត់, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ សំដៅធានាបាននូវសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។លោក ក៏បានគាំទ្រផងដែរលើការខិតខំបន្តពង្រឹងរួមគ្នានូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែករវាងកងទ័ពជើងគោក តាមរយៈការរកឱ្យឃើញនូវកាលានុវត្តភាពថ្មីៗ និងយន្តការសហប្រតិបត្តិការថ្មីៗប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរឹងមាំ។
ម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានសង្កត់ធ្ងន់ផងដែរអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងនាមប្រជាជនកម្ពុជា និងយោធិននៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រុស្ស៊ីក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក ដោយក្នុងនោះ រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម រួមទាំងការកសាង និងពង្រឹងកងទ័ពកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបនេះ។ ក្នុងដំណាក់កាលថ្មីនេះ លោក ក៏បានគាំទ្រលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងរឹងមាំទាំងបច្ចុប្បន្ន និងតទៅអនាគត ដោយចាប់ផ្តើមពីអង្គភាពប្រតិបត្តិដូចជាកងទ័ពជើងគោក ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើសមិទ្ធិផលកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជាមូលដ្ឋាន និងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងកងទ័ព និងប្រទេសជារួម៕