ប្រមុខ NATO ព្រមានថា រុស្ស៊ីនឹងរ៉ាប់រងពេញថ្លៃ បើសិនហ៊ានវាយប្រហារលើអ៊ុយក្រែន
បរទេស៖ អគ្គលេខាធិការអង្គការ NATO លោក ចេន ស្តូលធិនបឺក ព្រមានថា រុស្ស៊ីនឹងត្រូវរ៉ាប់រងថ្លៃខូចខាតច្រើនមិនខាន ប្រសិនបើទីក្រុងមូស្គូ ហ៊ានប្រើកងកម្លាំងយោធាជាថ្មីម្តងទៀតប្រឆាំងនឹងប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋមន្រី្តការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន ក៏បានអះអាងដែរថា ការឈ្លានពានជាថ្មីណាមួយ នឹងបង្កអោយមានផលវិបាកធ្ងន់ធ្ងរមិនខាន។
លោក ស្តូលធិនបឺក និងលោក ប្លីងខិន បានថ្លែងនៅឯកិច្ចប្រជុំកំពូលនៃសម្ព័ន្ធមិត្តណាតូនៅប្រទេសឡាតវី (Latvia) នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយបានព្រមានធ្ងន់ៗថា រុស្សីនឹងទទួលខុសត្រូវចំពោះការខូចខាតធ្ងន់ធ្ងរជាមិនខាន ប្រសិនបើទីក្រុងមូស្គូ ហ៊ានប្រើប្រាស់កម្លាំងយោធាណាមួយប្រឆាំងនឹងអ៊ុយក្រែន ហើយក្នុងនោះអ៊ឺរ៉ុបក៏បានត្រៀមខ្លួនរួចហើយផងដែរ ក្នុងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្សី ទាំងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ។
គួរបញ្ជាក់ថា អង្គការណាតូមានការព្រួយបារម្ភអំពីការបង្កើនចំនួនឧបករណ៍ធុនធ្ងន់ និងកងទ័ពរបស់រុស្សីនៅជិតព្រំដែនភាគខាងជើងអ៊ុយក្រែន ដែលនៅមិនឆ្ងាយប៉ុន្មានពីបេឡារុស។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូវ៉ូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីសប្តាហ៍មុនថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកបានរកឃើញផែនការឈ្លានពានដែលគាំទ្រដោយរុស្ស៊ី។ ទោះជាយ៉ាងណា រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ហើយបានច្រានចោលការអះអាងដែលថា ខ្លួនកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន៕ ប្រភព៖ Reuters