មន្រ្តីជាន់ខ្ពស់ចិន៖ សហរដ្ឋអាមេរិក​មាន​បំណង​ធ្វើយោធូបនីយកម្ម​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក

ប៉េកាំង៖ ទីក្រុងប៉េកាំងបានលើកឡើងថា សហរដ្ឋអាមេរិកមានបំណងធ្វើយោធាធូបនីយកម្មនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់នឹងឥទ្ធិពលប្រទេសចិន ដូចដែលរបាយការណ៍របស់មន្ទីរបញ្ចកោណបានបង្ហាញយ៉ាងច្បាស់។

ក្រសួងការពារជាតិអាមេរិកនឹងធ្វើឱ្យប្រសើរឡើង ក៏ដូចជាពង្រីកមូលដ្ឋានយោធារបស់ខ្លួននៅក្នុងកោះ ហ្គាំ និងអូស្ត្រាលី ដើម្បីរក្សាល្បឿនជាមួយនឹងយោធាចិននៅក្នុងតំបន់នេះ។ នេះបើតាមមន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីបានបញ្ចប់របាយការណ៍ដែលត្រូវបានគេស្គាល់ថា “Global Posture Review”។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងថា យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការចំណាយលើវិស័យយោធា និងពង្រីកសមត្ថភាពយោធារបស់ខ្លួន ដើម្បីការពារអនុត្តរភាពយោធារបស់ខ្លួន ក្រោមលេសនៃ “ការគំរាមកំហែងរបស់ចិន”។ លោក​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បោះបង់​ចោល​គំនិត​សង្គ្រាមត្រជាក់​ នៃ​ការ​ប្រឌិត​សត្រូវ​ដែល​ស្រមើស្រមៃ ហើយ​បញ្ឈប់​ពាក្យសម្ដី និង​ទង្វើ​ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។ លោក Zhao បន្ថែមថា ប្រទេសចិនបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាដើម្បីបំពេញតម្រូវការការពារសន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងពិភពលោកទាំងមូល។ នោះ​គឺ​តាម​ធម្មជាតិ ខុស​ពី​ការ​បង្ហាញ​កម្លាំង​របស់​អាមេរិក​នៅ​ជុំវិញ​ពិភពលោក ការ​ស្វែង​រក​អនុត្តរភាព ការ​សម្លុតគំរាម និង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

គួរបញ្ជាក់ផងដែរថា ចំណាត់ការចុងក្រោយរបស់មន្ទីរបញ្ចកោណបានកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងយោធារវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលត្រូវបានគេស្គាល់ថា AUKUS ដែលនឹងអនុញ្ញាតឱ្យអូស្ត្រាលីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងបច្ចេកវិទ្យាផ្តល់ដោយប្រទេសទាំងពីរ។ ប្រទេសចិនបាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងនេះបង្កហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរនៅក្នុងតំបន់ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner