ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរបានអនុញ្ញាតឲ្យបរទេសចូលរួមវិញ ក្រោយរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ
ការបញ្ជាក់នេះគឺបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វ៉ាត់ ចំរើន បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្តខេត្តសៀមរាប ដែលគ្រោងរៀបចំនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ខាងមុខត្រូវបានអនុញ្ញាតឲ្យជនបរទេសចុះឈ្មោះចូលរួមរត់វិញបានហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេស ក៏ដូចជាលើកលែងការធ្វើចត្ដាឡីស័កសម្រាប់ការធ្វើដំណើរមកកម្ពុជាកាលពីថ្មីៗ។
លោក វ៉ាត់ ចំរើន បន្តថាដោយសារស្ថានភាពកូវីដ-១៩ ធូរស្រាល ស្របពេលដែលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសសារឡើងវិញលើគ្រប់វិស័យ ក៏ដូចជាការត្រៀមទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនាពេលឆាប់ៗគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ក៏បានអនុញ្ញាតឲ្យជនបរទេសចុះឈ្មោះចូលរួមវិញ ដោយសារពីមុនការអនុញ្ញាតត្រឹមជនបរទេសចូលរួមបានរស់នៅកម្ពុជាប៉ុណ្ណោះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍បញ្ជាក់ថា ការចាប់ផ្ដើមរៀបចំនូវទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឡើងវិញនេះ គឺជាអត្ថន័យមួយដ៏ជ្រាលជ្រៅនៅក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាដំណាក់កាលចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្ដើរៗ ពិសេសបង្ហាញឲ្យអន្ដរជាតិបានឃើញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញ ក៏ដូចជាទាក់ទាញអ្នករត់បរទេសមកចូលរួមព្រឹត្តិការណ៍ កីឡាទេសចរណ៍ប្រចាំឆ្នាំនេះឡើងវិញផងដែរ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ការសម្រេចរៀបចំនូវទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្តឡើងវិញពេលនេះ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល តែយ៉ាងណាការរៀបចំនឹងត្រូវផ្ដោតលើការការពារ និងសុវត្ថិភាពជាចម្បង ដោយអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ដូច្នេះឯកឧត្តមបានអំពាវនាវឲ្យកីឡាករ-កីឡាការិនីចុះឈ្មោះឲ្យបានរួសរាន់ ក្នុងនោះឯកឧត្តមក៏បានលើកទឹកចិត្តជាពិសេស សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកដើម្បីចូលរួមរត់ ក៏ដូចជាគាំទ្រការរៀបចំព្រឹត្តិការណ៍នេះឡើងវិញផងដែរ។កាលពីពេលកន្លងទៅ គណៈកម្មការកំណត់ចំនួនអ្នកចូលរួម ២,៥០០នាក់ប៉ុណ្ណោះ ដើម្បីបង្ការការការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះ មិនកំណត់តាមចំនួននេះទេ ដោយបើកទូលាយច្រើនជាងចំនួនកំណត់ពីមុន៕