អាមេរិកប្រកាសធ្វើពហិការការទូតកីឡាអូឡាំពិកក្រុងប៉េកាំង
កាលពីថ្ងៃចន្ទនេះ សេតវិមានបានប្រកាសថាមន្ត្រីរដ្ឋាភិបាលអាមេរិកនឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅក្រុងប៉េកាំង ដោយសារ«អំពើឃោរឃៅ» រំលោភសិទ្ធមនុស្សរបស់ប្រទេសចិន។

ពហិការការទូតនេះ គឺបានជំរុញឱ្យជាច្រើនខែមកហើយ ដោយសមាជិកសភាអាមេរិកមួយចំនួន និងក្រុមគាំទ្រសិទ្ធមនុស្ស។ កីឡាករអាមេរិកនៅតែអាចធ្វើដំណើរទៅក្រុងប៉េកាំងដើម្បីចូលរួមការប្រកួតប្រជែង។

សេតវិមានបានធ្វើពហិការបែបនេះដោយផ្អែកទៅលើអ្វីដែលគេនិយាយថាជា «អំពើឃោរឃៅ» របស់ចិនក្នុងការប្រព្រឹត្តិ «ការប្រល័យពូជសាសន៍» ជនជាតិភាគតិចអ៊ុយហ្គ័រនៅតំបន់ស៊ីនជាំងភាគខាងលិចនៃប្រទេសចិន។

ការប្រកាសកាលពីថ្ងៃចន្ទប្រាកដជានឹងធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង ហើយធ្លាក់ដល់ចំណុចទាបបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍។

មុនការប្រកាស ប្រទេសចិនបានព្រមានចាត់វិធានការឆ្លើយតបប្រឆាំង នឹងទង្វើបែបនេះ។ ស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនបាននិយាយថាពហិការនេះគឺជា «ឧបាយកលនយោបាយ» ដោយសារគ្មានការអញ្ជើញអ្នកនយោបាយអាមេរិកណាមួយទេ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកអាន់តូនី ប្លីនខែនបាននិយាយថា សហរដ្ឋអាមេរិកបានពិគ្រោះជាមួយសម្ព័ន្ធមិត្តលើ «វិធីសាស្ត្ររួម» ចំពោះការប្រកួតកីឡាអូឡាំពិកប៉េកាំង។ ប៉ុន្តែគេនៅមិនច្បាស់ទេថាតើពួកគេនឹងធ្វើតាមការដឹកនាំរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ការប្រកាសពហិការនេះកើតឡើងខណៈពេលដែលមានកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដោយ ដែលរួមមានការធ្វើវីដេអូខលរវាងលោកចូ បៃដិន និងស៊ី ជីនពីងកាលពីខែមុន៕