ក្រុមហ៊ុនវ៉ាក់សាំង៖ រលកបន្ទាប់ អាចបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាងរលកមុនទៀត
ក្រុមហ៊ុនវ៉ាក់សាំង Oxford-AstraZeneca បាននិយាយថា រលកកូវីដបន្ទាប់ អាចមានគ្រោះថ្នាក់ខ្លាំងជាង កូវីដ-១៩ ប្រសិនបើមិនបានរៀនពីបទពិសោធន៍ចាស់ ហើយពិភពលោកគួរតែធានាថា ត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកមេរោគបន្ទាប់។
យោងតាម សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា កូវីដបានសម្លាប់មនុស្សចំនួន ៥,២៦ លាននាក់នៅទូទាំងពិភពលោក ដោយបានបំផ្លាញទិន្នផលសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ហើយបានធ្វើឱ្យជីវិតមនុស្សរាប់លាននាក់ជួបការលំបាក។
អ្នកស្រី Sarah Gilbert សាស្រ្តាចារ្យផ្នែកវ៉ាក់សាំងនៅសាកលវិទ្យាល័យ Oxford បានឱ្យដឹងតាមរយៈកម្មវិធីទូរទស្សន៍ BBC កាលពីថ្ងៃ ចន្ទ ថា៖ «ការពិតគឺថា រលកថ្មីកាន់តែអាក្រក់ទៅ។ នេះនឹងមិនមែនជាលើកចុងក្រោយ ដែលមេរោគគំរាមកំហែងដល់ជីវិត និងជីវភាពរបស់យើង»។
អ្នកស្រី Gilbert បានបន្តថា៖ «ពិភពលោកគួរតែធ្វើឱ្យប្រាកដថា វាត្រូវបានរៀបចំឱ្យកាន់តែប្រសើរឡើងសម្រាប់រលកបន្ទាប់។ បច្ចេកវិទ្យាជឿនលឿន និងចំណេះដឹង ដែលយើងបានទទួល មិនគួរឱ្យបាត់បង់ងាយៗឡើយ»។
អ្នកជំនាញសុខភាព បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពមិនស្មើគ្នា និងបែកខ្ញែក ដោយការទទួលបានវ៉ាក់សាំងនៅក្នុងប្រទេសមានប្រាក់ចំណូលទាបនៅមានកម្រិតទាប ខណៈកម្រិតវ៉ាក់សាំងនៅប្រទេសអ្នកមានចំនួនច្រើន។