លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី
ជំនួបពិភាក្សានោះគឺបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ដោយមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនិង អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី លោក Teo Eng Dih នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបនោះ លោក Teo Eng Dih បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានធ្វើការកោតសសើរនូវវប្បធម៌ អរិយធម៌ និងសមិទ្ធផលនានាដែលបានកើតទ្បើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ស្តែងចេញតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ទីតាំងប្រវតិសាស្រ្តនានាដូចជា សារមន្ទីរជាតិ សារមន្ទីរទួលស្លែង និងវិមានឈ្នះ ឈ្នះ ជាដើម ។
ជាការឆ្លើយតប អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូ សម្រាប់ការអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការជម្រាបជូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាថែរក្សាសន្តិភាពដែលមាននេះឲ្យបានគង់វង្ស ដើម្បីបន្តនូវវឌ្ឍនភាព និងភាពសម្បូរណ៍សប្បាយ។ ជាមួយគ្នា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា លំហាត់ ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។
មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕