បន្ទាប់នីការ៉ាហ្គ័រផ្លាស់ប្ដូរជំហរការទូត អាមេរិកហាក់បីមានទំនោរកណ្ដាលឆ្ពោះទៅរកចិន

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ ទៅ​លើ​មន្ត្រី​នៃ​​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្ដាល​ បាន​ធ្វើ​ប្រទេស​ចិន​ក្លាយ​ជា​ដៃគូ​ដ៏​ទាក់ទាញមួយ​​សម្រាប់​រដ្ឋាភិបាល​ទាំង​នេះ​ខណៈ​ពេល​ដែល​ពួកគេ​ទប់ទល់​នឹង​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​នានា​របស់សហរដ្ឋ​​អាមេរិក​។

ទិស​ដៅ​នេះ​លេច​​រូបរាង​ឡើង​​កាន់តែ​​ខ្លាំង​ជាងមុន​កាល​ពី​សប្ដាហ៍​មុន​ នៅ​ពេល​ដែល​ប្រទេស​នីការ៉ាហ្គ័រ​​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ផ្ដាច់​ទំនាក់​ទំនង​ការទូត​ជា​មួយ​សម្ព័ន្ធមិត្ត​អាមេរិកនោះ​​គឺ​កោះ​តៃវ៉ាន់វិញ​។

ការ​សម្រេច​ចិត្ត​របស់​នីការ៉ាហ្គ័រ​​ក្នុង​ការ​ទទួល​យក​ប្រទេស​ចិន​ បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ទៅ​លើ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដានីយ៉ែល អ័រតេហ្គា​ ក្រោយ​ពី​ជ័យជម្នះ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​។

ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​នេះ​ក៏​កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន​ផង​ដែរ​។ កាល​ពី​ដើម​ឆ្នាំ​នេះ ប្រធានាធិបតី​អែលសាល់វាឌ័រ​លោក​ណាយីប ប៊ូគីឡេ​ បាន​អនុម័ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្មី​របស់​ប្រទេស​លោក​ជាមួយ​ប្រទេស​ចិន​ដែល​ក្នុង​នោះ​រួមមាន​ការ​វិនិយោគ​ចំនួន​ ៥០០ លាន​ដុល្លារ​ «ដោយ​គ្មាន​លក្ខខណ្ឌ»​។ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដាក់​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​មួយ​ចំនួន​ក្នុង​បញ្ជី​ខ្មៅ​ជុំវិញ​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​។ នៅ​សប្ដាហ៍​នេះ​លោក​ប៊ូគីឡេ​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា​ទាមទារ «ការ​ចុះ​ដាច់​ខាត​ ឬ​ការ​បរាជ័យ​»​។

ទណ្ឌកម្ម​អាមេរិក​រួមមាន​ការ​លុប​ទិដ្ឋាការ​ រហូត​ដល់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ ដែល​កាត់​ផ្ដាច់​គោលដៅ​ពី​ប្រព័ន្ធ​ធនាគារ​ពិភពលោក​។ សម្រាប់​អែលសាល់វាឌ័រ​ ក៏​កំពុង​រៀប​ចំ​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​ជាន់​ខ្ពស់​របស់​លោក​ប៊ូគីឡេ​ ចំនួន​ពីរ​នាក់​ផង​ដែរ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner