ទូតជប៉ុនប្រចាំកម្ពុជា ជម្រាបជូនសម្តេចតេជោ ពីបំណងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាពេលខាងមុខ

ភ្នំពេញ៖ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុន បានផ្ដល់វ៉ាក់សាំង Astra Zeneca ចំនួន ៣០ម៉ឺនដុសដល់កម្ពុជា ហើយនិងត្រៀមផ្ដល់នូវជំនួយដល់កម្ពុជាយើងដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ ។

ឯកឧត្តម មិកាមិ បានគោរពជម្រាបជូនសម្ដេចថា ឆ្នាំ ២០២២ គឺជាខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO peace keeping operation) ដែលជប៉ុន ត្រៀមនឹងបញ្ជូននាវាស្វ័យការពារជើងទឹក មកចូលចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន។

លើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តម មិកាមិ បានគោរពជម្រាបជូនសម្តេចតេជោថា ជប៉ុន បានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស ក៏ដូចជាសម្ភារៈមួយចំនួនដែរ ហើយជប៉ុន ត្រៀមនឹងផ្ដល់កិច្ចសហប្រតិបត្តិការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។

លើវិស័យវិនិយោគ ឯកឧត្តម មិកាមិ បានគោរពជម្រាបជូនសម្តេចតេជោដែរថា មានក្រុមហ៊ុនផលិតអគ្គិសនី បង្ហាញពីបំណងស្នើរសុំបង្កើតរោងចក្រផលិតអគ្គិសនី ដោយឧស្ម័នធម្មជាតិ និងពន្លឺនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តម មិកាមិ បានគោរពជម្រាបជូនសម្ដេចតេជោនូវការគាំទ្ររបស់ជប៉ុន ធ្វើយ៉ាងណា ជំរុញកំពង់ផែក្រុងព្រះសីហនុ ឲ្យក្លាយទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងការផ្ដល់ដល់កម្ពុជានូវវ៉ាក់សាំង ផ្ដល់ជាជំនួយដទៃទៀតជាបរិក្ខារ ដើម្បីជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ19 ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់ជារថយន្ត ការផ្តល់ជាសម្ភារៈ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាន ក្នុងពេលខាងមុខ ។

ចំពោះការអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចុះចតនាវាស្វ័យការពារជើងទឹកនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងមានប្រសាសន៍ថា ក្នុងខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO peace keeping operation) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណា រៀបចំធ្វើខួបនេះ ឲ្យក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យការពារជាតិ ។

ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុនផលិតអគ្គិសនី ក៏ដូចជាការគាំទ្រកំពង់ផែព្រះសីហនុ ឲ្យក្លាយទៅជាកំពង់ផែស្នូល សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងសូមឲ្យបន្តធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធតទៅទៀត ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner