ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនសម្បទានិករបស់ឃុំគោលដៅទាំង៥ នៃគម្រោងLASED II នៅខេត្តក្រចេះ

ខេត្តក្រចះ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅថា(ប្លង់ដី) ជូនសម្បទានិករបស់ឃុំគោលដៅទាំង ៥នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ខែធ្នូឆ្នាំ២០២១ នេះគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន ២ ខេត្តក្រចេះបានបន្តនិងឈានទៅបិទបញ្ចប់គម្រោង លើឃុំគោលដៅទាំង ៥។មកទល់បច្ចុប្បន្ននេះ សម្បទាននិក កំពុងតាំងលំនៅដ្ឋាន និងប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារសរុប ១៧៩៥ គ្រួសារ ថ្មើរនឹង៨៤,៧១%។ រីឯអ្នកទទួលបានដីមាន៣២៤ គ្រួសារ ស្មើនឹង១៥,២៩% ទៀតមិនទាន់ចូលមកប្រើប្រាស់ដី រដ្ឋបាលខេត្ត បានដកហូតមកជាទ្រព្យសម្បត្តិរដ្ឋវិញ បានចំនួន២២៥ គ្រួសាររួចហើយ។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១ នេះគម្រោង LASED II ខេត្តក្រចេះមាន ២៥៦ សកម្មភាពជាអាទិភាព បានឆ្លើយតបទៅនឹងតម្រូវការរបស់សម្បទានិកដែលបានសហការអនុវត្តដោយមន្ទីរវិស័យចំនួន6 រដ្ឋបាលស្រុកចិត្របុរីនិងរដ្ឋបាលស្រុកព្រែកប្រសព្វ ដោយចំណាយថវិកាសរុបជាង ២.១៤៨.៨៣៦ ដុល្លាអាមេរិច។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីការសាទរចំពោះសមិទ្ធិផលទាំងឡាយរបស់ខេត្តក្រចេះ និងការវិវត្តន៍រីកចម្រើន ប្រកបដោយសោភ័ណភាពក្នុងក្រុងក្រចេះ ហើយត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ឯកឧត្តមអភិបាលខេត្តក្រចេះ រួមនិងអាជ្ញាធរ មន្ត្រីរាជការនៃមន្ទីរស្ថាប័ននានាជុំវិញខេត្ត ដែលបានរួមគ្នាខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ ធ្វើឱ្យខេត្តក្រចេះ មានសោភ័ណភាពដ៏ត្រកាលបែបនេះ។

ការជួបជុំគ្នា នាពេលនេះក៏ដើម្បីសាទរ ចំពោះប្រជាពលរដ្ឋនៅឃុំដារ ឃុំសំបុក ឃុំចង្ក្រង ឃុំថ្មី ឃុំចំបក់នៅក្នុងស្រុកចិត្របុរីនិងស្រុកព្រែកប្រសព្វ ដែលបានទទួលប័ណ្ណកម្មសិទ្ធិទុកជាមរតកដែលចាត់ទុកថា នេះគឺជាមូលដ្ឋានចំបងនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ មូលដ្ឋានសេដ្ឋកិច្ចនេះគឺពិតជាមានទំហំធំធេងដែលផ្តល់ជូនប្រជាពលរដ្ឋអោយមានដីធ្លី លំនៅឋានសម្រាប់រស់នៅតាមរយៈគម្រោងLASED IIក្រោមកិច្ចសហការគាំទ្រពីធនាគារពិភពលោក ដែលនេះ គឺជាគម្រោងគំរូមួយ សម្រាប់មន្ត្រីស្ថិតក្នុងក្របខណ្ឌសម្បទានដី សង្គមកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលនយោបាយ គោលការណ៍ណែនាំ និងសេចក្តីសម្រេចដ៏ត្រឹមត្រូវដាក់ចេញឲ្យអនុវត្តគម្រោងLASED ដោយមានការកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង សំដៅដោះស្រាយរាល់ការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូច្នេះ ឯកឧត្តមបានស្នើដល់ប្រជាពលរដ្ឋសូមកុំយកដីធ្លី លំនៅដ្ឋានដែលទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះយកទៅលក់ដូរបន្ត ហើយគួរតែនាំគ្នាបង្កបង្កើនផលចិញ្ចឹមសត្វលើដីធ្លីរបស់ខ្លួនដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារនិងអាចស្វែងរកការងារធ្វើរឺមុខរបរ សមស្របណាមួយ ប្រសើរជាងការយកដីធ្លីផ្ទះសម្បែងទៅលក់ដូរនោះ។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិក ដែលបានបំពេញតាមលក្ខខណ្ឌ ដើម្បីធានាដល់សុវត្ថិភាព អ្នកកាន់កាប់ដីធ្លី ក្នុងនោះលើកទី ១ បានផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនៅឆ្នាំ២០១៨ និង២០១៩ ដល់សម្បទានិកឃុំគោលដៅទាំង ៥ដែលបានអនុវត្តគ្រប់លក្ខខណ្ឌ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិសរុប១២៦០ គ្រួសារស្មើនឹង១៨៧៣ ប័ណ្ណនិងលើកទី២ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុដល់សម្បទាននិកឃុំគោលដៅទាំង៥ ដែលបានអនុវត្តគ្រប់លក្ខខណ្ឌដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិសរុប ៤៥៨ គ្រួសារស្មើនឹង ៧០៤ ប័ណ្ណបន្ថែមទៀត ដូច្នេះរហូតមកទល់ពេលនេះ គម្រោងLASED II ខេត្តក្រចេះបានផ្ដល់ប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ១៧១៨ គ្រួសារ ត្រូវជា ២៥៧៧ ប័ណ្ណ ស្មើនឹង៨១, ១០% ធៀបនឹងចំនួនគ្រួសារអ្នកទទួលបានដីសរុប ២១១៩ គ្រួសារ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner