សម្តេច ហេង សំរិន ជំរុញឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្កស់ផលប្រយោជន៍ និងត្រូវរក្សាការពារតម្លៃជាតិជាធំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារនិងលើកតម្លៃជាតិជានិច្ច។ សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយ មានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតំាងឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួនចូលជួបសម្តែងការគួរសមនិងជម្រាបលា ទទួលអនុសាសន៍ មុនចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្មនៅតាមប្រទេសជាមិត្ត។
ឯកអគ្គរាជទូតដែលចូលសម្តែងការគួរសមនិងជម្រាបលាសម្តេចនាឱកាសនេះមាន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និង ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន។
ក្រៅពីការលើកឡើងដូចខាងលើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ នៅតាមប្រទេសដែល ឯកឧត្តមបំពេញការងារឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលានិងត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់។
ក្រៅពីនេះសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ ឯកអគ្គរាជទូតទំាងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែល ឯកឧត្តម ជាតំណាងឱ្យបានល្អបំផុត ដើម្បីកៀរគរផលប្រយោជន៍នានាជូនប្រទេសជាតិ ដូចជាការទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគមកកាន់កម្ពុជា ជាដើម៕