មហាជ័យជម្នះ ៧មករា បានបើកឡើង សករាជថ្មីភ្លឺចែងចាំងក្នុងប្រវត្តិសាស្រ្តកម្ពុជា

មហាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានបើកឡើងនូវសក​រាជថ្មីដ៏ភ្លឺចែងចាំងគឺ ជាថ្ងៃដែលប្រទេសជាតិ និងប្រជាជន ត្រូវបានរំដោះឲ្យចាកចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី ខៀវ សំផន ជាថ្ងៃនៃការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ។ សិទ្ធិរស់រានមានជីវិត ជាសិទ្ធិមូលដ្ឋានដំបូងបង្អស់របស់មនុស្សជាតិត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ ហើយយើងបានរួបរួមគ្នាកសាង និងស្តារប្រទេសពីគំនរផេះផង់ ដែលបន្សល់ទុកដោយរបបកម្ពុជាប្រជាធិបតេយ្យឲ្យមានជំហានរីកចម្រើនឡើងជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។

      គប្បីរំព្ញកថា បន្ទាប់ពីរដ្ឋប្រហារ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមអស់រយៈពេល៥ឆ្នាំ និង១ខែ និងបានធ្លាក់ទៅក្នុងកណ្តាប់ដៃដឹកនាំដ៏ឃោរឃៅរបស់បនប្រល័យពូជសាសន៍ប៉ុល ពត ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបប្រទេសជាតិត្រូវបានរំដោះដោយសារស្នាដៃដ៏ជាញជ័យនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបក្សប្រជាជនបដិវត្តន៍កម្ពុជា ( បច្ចុប្បន្ន គណបក្សប្រជាជន  កម្ពុជា) ក្រោមការដឹកនាំដ៏អង់អាចក្លាហានរបស់សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន ដោយមានការចូលរួមបង្កើតបានជាធ្លុងមហាសាមគ្គីជាតិពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេសនិងការជួយឧបត្ថម្ភគាំទ្រទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពរបស់បណ្តាប្រទេសជាមិត្តភក្តិទាំង​ឡាយ​នៅពិភពលោក។

      ស្របពេលដែលសន្និបាតលើកទី ៤៣ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទើបតែបាន​​បញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងការដាក់ចេញនូវទិសដៅ ផែនការ ការងារធំៗជាប្រវត្តិសាស្ត្រ ប្រជាជនកម្ពុជាក៏បាននិងកំពុងនាំគ្នាសប្បាយរីករាយអបអរខួបអនុស្សាវរីយ៍ទី៤៣ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២២) ដោយក្តីមោទនភាពយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ និងសមិទ្ធផលធំៗជាច្រើនដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ។ សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃមហាពលីកម្មដ៏ធំធេងរបស់ប្រជាជនកម្ពុជាដែលបានបូជាញើសឈាម កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី រហូតដល់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយគ្មានស្តាយ​ស្រណោះ ។

សមិទ្ធផលធំធេងដែលយើងសម្រេចបាន ហើយដែលត្រូវបន្តរួមគ្នាថែរក្សាការពារឲ្យបានដាច់ខាតនោះគឺ ជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ សង្រ្គោះជាតិឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បាននាំមកជូនប្រជាជនយើងវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិនៃការរស់រានមានជីវិតរស់នៅ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ។ តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សតែមួយគត់ឈានមុខគេក្នុងការក្តាប់ទង់ការពារសិទ្ធិមនុស្ស ។ យើងបានធ្វើជាកម្លាំងស្នូលនៃការផ្សះផ្សារបង្រួបបង្រួមជាតិរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការ​​អនុវត្តកិច្ចព្រមព្រៀងនេះ រហូតបង្កើតរដ្ឋធម្មនុញ្ញ និងព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ យើងបានធ្វើឲ្យអង្គការចាត់តាំងទាំងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យត្រូវរលំរលាយទាំងស្រុង បង្កើតបានសន្តិភាពពេញលេញ ការឯកភាពជាតិ ឯកភាពទឹកដី ចាប់ពីចុងឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន។

ប្រជាជនកម្ពុជាក៏ទើបតែប្រារព្ធខួបទី ២៣នៃទិវានយោបាយឈ្នះឈ្នះ( ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលនោះ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឲ្យប្រទេសទទួលបានសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ន ។ យើងបានការពារ និងពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស អនុវត្តកំណែទម្រង់រដ្ឋស៊ីជម្រៅទូលំទូលាយ ការពង្រឹងយុត្តិធម៌ សមធម៌សង្គម , ធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្តូរយ៉ាងធំធេង ធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនខ្ពស់ បានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូល​មធ្យមកម្រិតទាប, ថែរក្សា បានសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបានរឹងមាំឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ធ្វើឲ្យប្រជាជនបានរស់នៅប្រកបដោយភាពសុខដុមរមនា និងបានស្តារលើកស្ទួយកិត្តិយស កិត្យានុភាពជាតិឡើងវិញលើឆាកអន្តរជាតិ បានចូលរួមដោយស្មើភាព ស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។

នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាតស៊ូប្រយុទ្ធប្រឆាំងជំងឺសកលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ប្រទេសយើងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការគ្រប់គ្រង ចាត់ចែងប្រកបដោយភាពឈ្លាសវៃតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តដែលមានភាពប្រទាក់ក្រឡាគ្នា ជាពិសេសគឺជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែលធ្វើឲ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ ឈានទៅបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២១។ តាមរយៈនេះ យើងកាន់តែមានសុទិដ្ឋិនិយមចំពោះដំណើរការរីកចម្រើនឡើងវិញ និងជំហានឆ្ពោះទៅមុខនៃសេដ្ឋកិច្ច​សង្គមកម្ពុជាសម្រាប់ឆ្នាំ២០២២ ។

គួរបញ្ជាក់ថា មុនវិបត្តិកូវីដ១៩ កំណើនសេដ្ឋកិច្ចកម្ពុជាមានអត្រាជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ដោយផលិតផលក្នុងស្រុកសរុប(ផ.ស.ស) កើនឡើងពី១.៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ ១.៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ។ ប៉ុន្តែក្រោយវិបត្តិជំងឺកូវីដ១៩ ផ.ស.ស សម្រាប់មនុស្សម្នាក់បានធ្លាក់មកនៅត្រឹម ១.៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១ ដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានឡើងវិញ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចកើនដល់១.៧៣០ដុល្លារអាមេរិក  រហូតដល់ឆ្នាំ២០២២ នឹងកើនដល់១.៨៤២ ដុល្លារអាមេរិក ។

      ទោះបីប្រឈមនឹងការលំបាក ប៉ុន្តែក្នុងឆ្នាំ២០២១នេះ តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា យើងនៅតែរក្សាបានភាពជាម្ចាស់លើការងារអាទិភាពចម្បង២គឺ ទី១- ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ ទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញលើទីផ្សារ ។ ដើម្បីទ្រទ្រង់ និងស្តារជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ប្រជាជនដែលមានមុខរបរទទួលរងផលប៉ះពាល់ខ្លាំង ក៏ដូចជាសកម្មភាពអាជីវកម្មនានា ដែលរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍តាមរយៈការបន្តអនុវត្ត”កម្មវិធីសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ” ក្នុងទឹកប្រាក់ប្រមាណ១៦០លានដុល្លារអាមេរិក, ការបន្តអនុវត្ត”កម្មវិធីឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩” ក្នុងទឹកប្រាក់ប្រមាណ៥០១លានដុល្លារអាមេរិក, ការបន្តផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ ព្រមទាំងបណ្តាវិធានការអន្តរាគមន៍ផ្សេងទៀត។ ទំហំនៃថវិកាចំណាយអន្តរាគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ក្នុងឆ្នាំ២០២១ អាចស្ថិតក្នុងរង្វង់ប្រមាណ១.៤៥៤ ដុល្លារអាមេរិក ។ អាស្រ័យដោយរាជរដ្ឋាភិបាលដាក់ចេញវិធានការអន្តរាគមន៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យសេដ្ឋកិច្ច សង្គម កម្ពុជាមិនធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរ ហើយយើងនៅតែមានសុទិដ្ឋិនិយមចំពោះភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍឡើងវិញ។

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ រំពឹងថានឹងងើបមកវិញក្នុងអត្រា ២,៤% បន្ទាប់ពីមានកំណើនធ្លាក់ចុះក្នុងអត្រា-៣,១%ឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩។ វិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថានឹងងើបឡើងវិញក្នុងអត្រា៥,៧% ពីកំណើនអវិជ្ជមានក្នុងអត្រា -១,២% ក្នុងឆ្នាំ២០២០, វិស័យសេវាកម្មត្រូវប៉ាន់ស្មានថានឹងងើបឡើងវិញ ក្នុងល្បឿនយឺតក្នុងអត្រា ០,៣%ពីអត្រាអវិជ្ជមាន-៦,៧%ក្នុងឆ្នាំ២០២០, វិស័យ​​​កសិកម្មត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនល្អប្រសើរក្នុងអត្រា១,៤% ពីអត្រា០,៥% ក្នុងឆ្នាំ២០២០។ ​សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣០.៥៤៤ លានដុល្លារអាមេរិក។ អតិផរណាមធ្យមប្រចាំឆ្នាំស្ថិតក្នុងកម្រិតទាបក្នុងរង្វង់ ២,៨% ជាមួយស្ថិរភាពនៃអត្រាប្តូរប្រាក់រៀលស្ថិតក្នុងរង្វង់ ៤.០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនក្នុងអត្រា  ៧,៧% ពីកំណើន៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ  ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចកំណើនទាប ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១% ពីកំណើន០,៣%ក្នុងឆ្នាំ២០២១ ដោយ​សារ​ការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត ។ វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ពីកំណើន១,៤%ឆ្នាំ២០២១ ដោយ​សារការរំពឹងទុកនូវការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ។

     ចូលរួមអបអរសាទរខួបទី ៤៣ នៃទិវាមហាជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាទូទាំងប្រទេសបន្តខិតខំរួបរួមសាមគ្គីគ្នាជុំវិញគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បន្តជំនះឲ្យបាននូវឧបសគ្គទាំងឡាយ ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗទៀតសម្រាប់ឆ្នាំ២០២២ និងជំរុញអនុវត្តឲ្យបានជោគជ័យ ភារកិច្ច និងទិសដៅការងារសំខាន់ៗរបស់សន្និបាតលើកទី ៤៣ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជារីកចម្រើន រុងរឿង ប្រកប​ដោយភាពសុខដុមរមនាជានិរន្ត៕ ទស្សនាវដ្តីប្រជាជន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner