កាមេរ៉ាឆ្លាតវៃតាមផ្លូវជាតិលេខ៣ថតច្បាស់ដូចថ្ងៃ សូមប្រុងប្រយ័ត្ន! គោរពច្បាប់ទាំងអស់គ្នា

ដើម្បី​ធានា​សុវត្ថិភាព​លើ​កំណាត់​ផ្លូវជាតិ កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ចំនួន ១០​ទីតាំង ត្រូវ​បាន​ដំឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ចោម​ចៅ ទៅ​ដល់ទី​រួម​ខេត្តកំពត ដែល​កាមេរ៉ា​ទាំង​អស់នេះ កំពុង​ប្រើប្រាស់​សាកល្បង ។ ទន្ទឹម​នេះ អ្នកបើកបរ​យានយន្ត​ទាំងអស់ ពិសេស​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​នេះ ប្រុង​ប្រយ័ត្ន​! ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា បើ​មិន​ដូច្នេះ​ទេ ច្បាស់​ជា​កាមេរ៉ា​ឆ្លាត​វ័យ ថត​ជាប់​សកម្មភាព​គ្រប់យ៉ាង​ហើយ ចាប់​បាន​ទាំង​ល្បឿន​រថយន្ត ពណ៌​រថយន្ត ប្រភេទ​រថយន្ត ស្លាក​លេខ ទាំង​មុខ​អ្នកបើកបរ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ ជាដើម ។

នៅ​ថ្ងៃ​ទី​០៥ មក​រា ២០២២​នេះ តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក ចែករំលែក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដែលបង្ហាញ​ច្បាស់​ដូច​ថ្ងៃ គ្រប់​សកម្មភាពរបស់​បើកបរ​លើ​ផ្លូវជាតិ​មួយ​ខ្សែ​នេះ ធ្វើ​ឲ្យអ្នកលេង​បណ្តាញ​សង្គម ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយ​ពី​បានឃើញ​រូបភាព​ ទាំងនេះ ។

ក្រោយ​ពី​បានឃើញ​រូប​ភា​ប​ច្បាស់​ៗ​បែប​នេះ មាន​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​ខ្លះ បាន​លាន់មាត់​ថា «​ចប់​ហើយ អ្នក​ក្បត់​ប្រពន្ធ ឫ​ប្តី បើសិន​ហ៊ាន​ដឹក​អ្នក​ទី​៣​ដើរ​លេង ប្រយ័ត្ន​ខ្លួន​ទៅ ! នៅ​ប្រទេសថៃ លែងលះ​គ្នា​មិន​តិច​ទេ ដោយសារ​កាមេរ៉ា​ចាប់​ល្បឿន​ហ្នឹង​» ។ ទោះជា​យ៉ាងណា កាមេរ៉ាវ័យឆ្លាត​នេះ មាននៅ​ប្រទេស​ដទៃ​ទៀត ក្រៅពី​កម្ពុជា​ផង​ដែរ ដែល​គេ​កំពុង​ប្រើប្រាស់ ដើម្បី​ចាប់​បទល្មើស​នៅលើ​ដងផ្លូវ ។

សូម​ជម្រាប​ថា កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំង ត្រូវ​បាន​ដំឡើង នៅ​លើ​កំណាត់​ផ្លូវជាតិ​ចាប់ពី​ចោម​ចៅ ដល់ទី​រួម​ខេត្តកំពត ដែល​មាន​ប្រវែង​សរុប ១៣៥ គីឡូម៉ែត្រ ។ ក្រៅពី​នេះ ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប ចំនួន​ពីរ ទីតាំង ក៏​បាន​ដំឡើង​ផង​ដែរ នៅ​ត្រង់​ចំណុច​វត្ត​ស្លែង និង​ផ្សារ​អង្គតាសោម ។ ភ្លើង​សញ្ញា​ចរាចរណ៍​ទាំង​ពីរ​ទីតាំង បំពាក់​នូវ​ប្រព័ន្ធ Wireless សម្រាប់​ភ្ជាប់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ និង​ធ្វើការ​បញ្ជា​ដំណើរការ​តាម​ទូរ​សព្ទ​ដៃ ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ​សូ​ឡា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​សម្រាប់​ផ្គត់ផ្គង់​អគ្គី​ស​នី ។

ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ ក្នុង​គោលបំណង​តាមដាន ការពារ​សុវត្ថិភាព និង​សម្រួលការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ផ្លូវជាតិ​លេខ ៣ ដែល​ក្នុង​នោះ អគ្គស្នងការ​នគរបាល​ជាតិ​នឹង​គ្រប់គ្រង​រាល់​សកម្មភាព និង​ប្រតិបត្តិការ​របស់​កាមេរ៉ា​ចាប់​ល្បឿន​ទាំង ១០ ទីតាំង ទាំង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ការ​ពិន័យ​បទល្មើស​ផង​ដែរ ។

ក្រសួង​ជំនាញ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា កាមេរ៉ា​ចាប់​ល្បឿន​ទាំងនេះ អាច​ឲ្យ​មន្ត្រី​ជំនាញ ដឹង​នូវ​ល្បឿន​របស់​រថយន្ត ពណ៌ ប្រភេទ និង​ស្លាក​លេខ​រថយន្ត អ្នកបើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ ។ មុន​នឹង​ដាក់​ប្រើប្រាស់​ផ្លូវការ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​បានដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន ហើយ​អាជ្ញាធរ​នឹង​បំពាក់​ផ្លា​ក​សញ្ញា​ជូនដំណឹង​ដល់​អ្នកបើកបរ​យ៉ាងតិច ១​គីឡូម៉ែត្រ មុន​ដល់ទី​តាំង​កាមេរ៉ា​ចាប់​ល្បឿន ។

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ទាំង ១០ ទីតាំង បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​មក បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក និង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៕

ads banner