នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុនក្នុងការរៀបចំដំណើរទស្សនកិច្ច លោក ហ៊ុន ម៉ាណែត (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបាន ជួយសម្រួលទាំងការដឹកជញ្ជូនពិសេស និងការជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំ ប្រទេសជប៉ុននានារួមទាំងលោកនាយករដ្ឋមន្ត្រីហ៊្វូមីអូ គីស្ហ៊ីដា ចំពោះដំណើរទស្សនកិច្ចរបស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សន កិច្ច៤ថ្ងៃក្នុងក្រុងតូក្យូ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុង កាន់អំណាច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៦កុម្ភៈនេះជុំវិញដំណើរទស្សនកិច្ច របស់លោក ហ៊ុន ម៉ាណែត ដែលបានជួបសម្តែងការគួរសមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុននៅ ថ្ងៃពុធនេះ។

សេចក្តីរាយការណ៍ពីប្រទេសជប៉ុនបានបង្ហាញថាក្នុងជំនួបទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើង គោកជប៉ុននិងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា, មេបញ្ជាការកងទ័ពជើងគោកទាំង២ ប្រទេសបានជជែកគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ ក្នុងនោះរួមមានការឯកភាពគាំទ្រឱ្យមានការរៀបចំលំហាត់សមយុទ្ធរួមគ្នាក្នុងកម្រិតណាមួយនៅពេលអនាគត។ សម្តេចតេជោហ៊ុនសែន បានថ្លែងគាំទ្រចំពោះការជជែកឯកភាពលើកិច្ច សហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២។

ដំណើរបំពេញទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃក្នុងប្រ ទេសជប៉ុន នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៧កុម្ភៈឆ្នាំ២០២២។

ពីប្រទេសជប៉ុននោះមកវិញ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី ជប៉ុន លោកហ៊្វូមីអូ គីស្ហ៊ីដា ជាមួយ នឹងមេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦កុម្ភៈ សេចក្តីរាយការណ៍បានបញ្ជាក់ថារដ្ឋាភិបាលក្រុងតូក្យូចង់ឱ្យជប៉ុន-កម្ពុជាមានទំនាក់ទំនងកាន់ តែស៊ីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner