ពិធីដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប

សៀមរាប ៖ ពិធីបុណ្យដង្ហែមាឃបូជា ត្រូវបានប្រារព្ធឡើងវិញ នៅក្នុងក្រុងសៀមរាប បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំកន្លងមក ដោយសារតែវិបត្តិកូវីដ-១៩។ បើតាមព្រះគ្រូធម្មវិសុទ្ធរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានសង្ឃដីកាថា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ មានការរៀបចំពិធីដង្ហែបុណ្យមាឃបូជាឡើងស្របតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហការណ៍ផងដែរ ពីសំណាក់មន្ទីរ អង្គភាព ស្ថាប័នដែលពាក់ព័ន្ធ សំខាន់គឺត្រូវបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ព្រះតេជគុណ បានពន្យល់ឲ្យដឹងថា ព្រះសង្ឃ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានស្រុះស្រួលមូលមតិគ្នាជាឯកឆន្ទ បានប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗពីរ នាសម័យពុទ្ធកាល ទី១ ថ្ងៃព្រះសម្មាសម្ពុទ្ធធ្វើចតុរង្គសន្និបាត សំដែងឱវាទបាតិមោក្ខ។ ទី២ គឺថៃ្ងដែលព្រះសម្មាសម្ពុទ្ធដាក់ព្រះជន្មាយុសង្ខារ មុនបរិនិព្វាន ៣ខែចំពោះមុខមារ នៅបាវាលចេតិយ ក្បែរក្រុងវេសាលី ហើយក៏ជាថ្ងៃ ដែលព្រះសារីបុត្រ បានសម្រេចជាព្រះអរហន្ត តែងតាំងជាព្រះអគ្គសាវ័កស្តាំ និងព្រះមហាមោគ្គលាន ជាអគ្គសាវ័កឆ្វេងផងដែរ។ អាស្រ័យដោយព្រឹត្តិការណ៍ដ៏អស្ចារ្យមានយ៉ាងដូច្នេះហើយ បានជាព្រះសង្ឃ ពុទ្ធបរស័ទចំណុះជើងវត្ត និងពុទ្ធមាមិកជន នឹករលឹក ស្រណោះសង្វេកដល់នាសម័យកាលនោះ ទើបជ្រះថ្លាប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង។ ជាក់ស្តែង នៅវត្តដំណាក់ ក្រុងសៀមរាប បានប្រារព្ធពិធីនេះតាមប្រពៃណី មានរៀបចំដាក់បាត្រព្រះសង្ឃចំនួន ២៥០អង្គ កាលពីវេលាព្រឹកមុនរៀបចំពិធីដង្ហែនោះ។

ព្រះតេជគុណ ញាណវារោ នៅ ម៉ែន ព្រះសង្ឃគង់នៅវត្តដំណាក់ មានសង្ឃដីកាដែរថា បុណ្យមាឃបូជា ត្រូវបានធ្វើឡើងនៅតាមបណ្តាទីអារាមផ្សេងៗទៀត ហើយក៏ដូចគ្នាដែរ ពុទ្ធបរិស័ទដែលចូលរួមក្នុងកម្មពិធីបុណ្យ មានទម្លាប់រស់នៅតាមបែបគន្លងថ្មី និងដឹងច្បាស់ថា ខ្លួនបានទទួលការចាក់វ៉ាក់សាំងតាមដំណាក់កាលទៀងទាត់ ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យដោយឥតគិតថ្លៃ និងអនុវត្តបានយ៉ាងខ្ចាប់ខ្ជួនបំផុត វិធានការ ៣.ការពារ និង៣.កុំ ដែលជាស្មារតីប្រយទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ចាប់ផ្តើមពីមនុស្សម្នាក់ គឺខ្លួនយើង ( យើងអាចភ្លេចកូវីដបាន ប៉ុន្តែកូវីដមិនដែលភ្លេចយើងឡើយ )៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner