បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ពីក្រោយកំពុងចតលើចិញ្ចើមផ្លូវពេញទំហឹង កាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវហាណូយចំណុចជិតស្តុបវិមានឈ្នះ ឈ្នះប្រមាណ ២០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សពជនរងគ្រោះមានឈ្មោះ ផាន់នី ផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំជាង មុខរបបធ្វើការក្រុមហ៊ុន ស្នាក់នៅភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ Zoomer X ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1DO-3532 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3B-0267 ពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងគូទរថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះ ភ្លាមៗ តែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទេីបបណ្តាលឱ្យជនរងគ្រោះស្លាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានចុះវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់។ ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់រួច ក៏ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា