ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជារកចំណូលបានជាង ៥៤លានដុល្លារនៅខែដំបូងដើមឆ្នាំ២០២២
ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានអោយដឹងថា កម្ពុជារកចំណូលបានជាង៥៤លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅក្នុងខែមករា ដើមឆ្នាំ២០២២។
បើតាមរបាយការណ៍ខាងលើនេះ ចំណូលខែមករា ដើមឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន១៣៥,៥៨២ដុល្លារ។ គិតត្រឹមខែមករា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន៩៣,៨៥១ហិកតា ស្មើនឹង២៣%។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារក្នុងមួយតោន ស្មើនឹង១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ចំពោះបរិមាណនាំចេញគិតខែមករា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៨៦ម៉ែត្រគូប។
សូមរំលឹកឡើងវិញថា កម្ពុជារកចំណូលបានជាង៦១១លានដុល្លារនៅឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះ នាំចេញជ័រកៅស៊ូមានចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូចំនួន៤៥៤ម៉ែត្រគូប៕ ដោយ៖ ឈឹម ទីណា