តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញសាកសួរសុខទុក្ខនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនគ្រួសារសពមន្រ្តីនគរបាល សពមន្រ្តីចូលនិវត្តន៍ និងសពគ្រួសារ មន្រ្តីនគរបាលប្រាំមួយរូប
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួល ផែនការងារធនធានមនុស្ស ដែលជាតំណាងឯកឧត្តមឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០២២ បានអញ្ជើញសាកសួរសុខទុក្ខនិងប្រគល់ ថវិកា សមាគមមិត្តនគរបាលជាតិសរុប២៨លានរៀលជូនគ្រួសារសពមន្រ្តីនគរបាលមរណៈ, សពមន្រ្តីនគរបាលចូលនិវត្តន៍ និង សពគ្រួសាររបស់មន្រ្តីនគរបាលចំនួនប្រាំមួយនាក់ ដែល ទទួល មរណភាពកាលពីកន្លងទៅនេះ ដោយរោគាពាធ ដើម្បីយកថវិកាទាំងនេះទៅចាត់ចែងដោះស្រាយសម្រួលទុក្ខលំបាកក្នុងគ្រួសារ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ក្នុងនាម ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការ នគរបាលរាជធានីភ្នំពេញសូមចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពមន្រ្តីនគរបាល ដែលនេះជាការបាត់បង់អ្នកជាទីគោរពស្រលាញ់។ចំណែក អង្គភាពគឺបាត់បង់មន្រ្តីនគរបាលឆ្នើមធ្លាប់មានស្នាដៃបំពេញភារកិច្ចបានល្អជូនក្នុងអង្គភាពក្នុងកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពស្ថិរភាពសង្គម។
សូមបញ្ជាក់ថា គ្រួសារសពមន្រ្តីនគរបាលមរណៈ, សពមន្រ្តី ចូលនិវត្តន៍ និងគ្រួសារសពមន្រ្តីនគរបាលចំនួនប្រាំមួយនាក់ ក្នុងនោះសពមន្រ្តីនគរបាលមរណៈ និងសពមន្រ្តីចូលនិវត្តន៍ ចំនួនបួន នាក់ក្នុងម្នាក់ៗទទួលបានថវិកាប្រាំមួយ លានរៀល។ ចំណែកសពគ្រួសាររបស់មន្រ្តីនគរបាលពីរនាក់ក្នុងម្នាក់ៗទទួលបានថវិកាពីរលានរៀល៕ ដោយ៖ គ្រី សម្បត្តិ