ម៉ូតូធុនធំដាច់ជាពីរកំណាត់ក្នុងគ្រោះថ្នាក់បុកជាមួយ ម៉ូតូធុនតូច ហើយ ត្រូវរថយន្តកិនបន្ថែមបណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ២នាក់

កណ្ដាល ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធុនធំបុកជាមួយម៉ូតូហុងដាឌ្រីមក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង ព្រមទាំងមានរថយន្តកុងតឺន័រមកកិនបន្ថែមរួចបេីកគេចបាត់ស្រមោល កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២២ នៅចំងាយពីផ្សារគគីរប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនកេីតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X-4430 ជិះដោយបុរស២នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ខៀវ គ្មានស្លាកលេខ ជិះដោយបុរស២នាក់ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន និងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូធុនធំR6 ដាច់ជាពីរ និងម៉ូតូហុងដាឌ្រីមខ្ទិចពីមុខ ខូចខាតយ៉ាងដំណំដូចគ្នា ។

ប្រភពដដែលបានបន្តថា ក្រោយកេីតហេតុភ្លាមៗក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបេីកកិនពីលេីជនរងគ្រោះថែមទៀត ហេីយបេីកបន្តទៅមុខបាត់ស្រមោល ដោយធ្វេីឲ្យបុរស២នាក់ស្លាប់នៅនិងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យផងដែរ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយគូសសញ្ញាចំណាំយកម៉ូតូទាំងពីរគ្រឿងខាងលេីដាក់អែបខាង ដេីម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ និង ឧបទ្ទវហេតុ កេីតមានឡេីងទៀត ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះទាំង២នាក់ខាងលេី ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner