ក្រុមយុវជនស្រុកល្វាឯម ជាក្រុមមួយក្នុងចំណោម៤ក្រុម ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ ឯកឧត្តម គង់ សោភ័ណ លើកទី១
ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបានដំណើរការប្រកួតផ្លូវការកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមាន១៨ក្រុមចូលរួម បានរកឃើញ៤ក្រុមចុងក្រោយ ឈានទោវគ្គពាក់គណ្តាលផ្តាច់ព្រ័ត្រ ។
ក្រុមយុវជនស្រុកល្វាឯម បានយកឈ្នះក្រុមស្វាយរលំ អេហ្វស៊ី ៥ទល់០ រកបានដោយកីឡាករ សុខ គន់គី នៅនាទីទី២៣ និងកីឡាករ សួម ថាវី ២គ្រាប់ នៅនាទីទី ៤៧និង៤៩ រី២គ្រាប់រកបានដោយកីឡាករ សាត់ សំណាង នៅនាទីទី ៨៣ និងនាទី៩០+១ ។ លទ្ធផលនេះបានធ្វើក្រុមយុវជនស្រុកល្វាឯម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជាមួយក្រុម ធី អិន កណ្តាល បានយកឈ្នះក្រុម ក្រុមយុវជនមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ១ទល់០ ក្រុមយុវជនស្រុកខ្សាច់កណ្តាល យកឈ្នះក្រុមយុវជនស្រុកកៀនស្វាយ ៣ទល់១ , និងក្រុមយុវជនស្រុកមុខកំពូល យកឈ្នះក្រុមយុវជន ក្រុងតាខ្មៅ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ ក្រោយស្មើគ្នា ០ទល់០ ៩០នាទី ។
គួររម្លឹកថា ឯកឧត្តម គង់ សោភ័ណ្ឌ ធ្លាប់បានលើកឡើងថា ពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនេះ បានផ្តួចផ្តើមបង្កើត ក្នុងស្មារតីបំផុសចលនាយុវជន នៅតាមបណ្តាក្រុង-ស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន ជាពិសេសផ្តល់ឱកាសដល់យុវជន បានចូលរួមលេងកីឡា និងស្វែងរកកីឡាករដែលមានសមត្ថភាព តំណាងអោយខេត្ត ត្រៀមប្រកួតកីឡាបាល់ទាត់ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពិសេសស៊ីហ្គេម ( SEA GAME ) នាពេលខាងមុខ។ មួយវិញ ទៀត ក៏ដើម្បីឱ្យយុវជនជៀសវាងយកពេលវេលាទៅសេពគ្រឿងញៀន អំពើឆក់ប្លន់ ឬបង្កើតជាក្រុមបងតូចបងធំ ជាដើម ។
សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នឹងប្រកួតនៅថ្ងៃទី១១ ខែមីនា រីឯវគ្គផ្តាច់ព្រ័ត្រប្រកួតនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២២ នៅកីឡដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្រុមយុវជនល្វាឯម ប៉ះ ក្រុមយុវជនស្រុកមុខកំពូល , ក្រុម ធី អិន កណ្តាល ប៉ះ ក្រុមយុវជន ស្រុកខ្សាច់កណ្តាល ៕ ចាន់ វិចិត្រ