ផ្ទះប្រជាពលរដ្ឋ ៧០ខ្នង បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ក្នុងពេលមេឃភ្លៀងកក់ខែមួយមេធំ នៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំ និងខ្យល់កន្រ្តាក់ បានវាយបោកបក់ចំក្រុង-ស្រុកចំនួន២ នៅក្នុងខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២២ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ និងសាលារៀនអស់ជាង ៧០ខ្នង ហើយដើមឈើ ផលដំណាំកសិកម្ម រួមទាំងស្លាកប៉ាណូមួយចំនួននៅតាមដងផ្លូវ ក៏ត្រូវរងការខូចខាតដោយគ្រោះធម្មជាតិមួយនេះ ផងដែរ ។
អាជ្ញាធរមូលដ្ឋានបានបង្ហាញរបាយការណ៍ឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ មីនា ចុងសប្តាហ៍កន្លងមកនេះ មានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ បានបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៦ខ្នង ស្ថិតនៅភូមិរំដួលជើងភ្នំ ភូមិគីរីវ័ន្ត និងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងតាវចាស់ ២ខ្នង និងភូមិទំនប់ ១ខ្នង ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏ទទួលរងការខូចខាត នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះដែរ ហើយក្នុងនោះ ក៏មានសាលារៀន ១ខ្នង គឺសាលាបឋមសិក្សាហ៊ុន សែន ត្រពាំងតាវចាស់ បានរងការខូចខាតរបើកក្បឿងជាង ១០០សន្លឹក និងមានមនុស្សម្នាក់ ឈ្មោះ ចេង អ៊ាម ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងបួសស្រាល ៕ ដោយ៖ ឡុង សំបូរ
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-27-2.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-27.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-28-2.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-28-1024x461.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-29-1024x461.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-30-768x1024.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-11-31-768x1024.jpg)