រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំជំរុញការអភិវឌ្ឍខេត្តព្រះសីហនុដែលជាប៉ូលសេដ្ឋកិច្ច ដ៏មានសក្តានុពល

ខេត្តព្រះស៊ីហនុ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះស៊ីហនុ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ ។

សម្ដេច ក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន លើវិស័យសំណង់ អចលនទ្រព្យ សេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធនានា ដោយសារភាពអំណោយផល ពីសុខសន្តិភាព និងស្ថិរភាពនយោបាយ ។ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគធនធានថវិកាជាច្រើនក្នុង ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវ ស្ពាន ប្រព័ន្ធបណ្ដាញលូ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ចំណតរថយន្ត សួនច្បារ ទីលានសាធារណៈ ប្រឡាយ និងប្រព័ន្ធរំដោះទឹក ដែលធ្វើឲ្យ ក្រុងព្រះសីហនុក្លាយជាទីក្រុងមួយទំនើប និងមានលក្ខណៈស្រស់បំព្រង អមដោយអគារ ខ្ពស់ៗ និងមាន ហេដ្ឋារចនាសម្ព័ន្ធទំនើបសមស្រប។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដោយឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូង នៃការអនុវត្ត ផែនការ ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០) ដែលមានចក្ខុវិស័យ ក្នុងការធ្វើឲ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែកសម្រេចឲ្យ បាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ហេតុនេះ រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តព្រះសីហនុ ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព និងថវិកាដើម្បីអនុវត្តកំណែទម្រង់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

សម្ដេច ក្រឡាហោម បន្តថា ដើម្បីសម្រេចបាននូវគោលបំណងនៃដំណើរការកំណែទម្រង់ខាងលើខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនក្នុងនោះរដ្ឋបាលក្រុង ស្រុកត្រូវពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការអនុវត្តន៍មុខងារនិងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរស្របតាមការវិវត្តរីកចម្រើនរបស់សង្គមជាតិ ។

រដ្ឋបាលខេត្តព្រះសីហនុត្រូវពង្រឹងតួនាទីក្នុងការតាមដាន ត្រួតពិនិត្យ និងគាំទ្រដល់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលបាន កំណត់ ព្រមទាំងការដោះស្រាយ បញ្ហាប្រឈម សំណើ សំណូមពររបស់ប្រជាពលរដ្ឋ និងធានានូវ និរន្តរភាពនៃការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន រហូត ដល់មានក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីដែលកើតចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចូលកាន់មុខតំណែង ៕ ដោ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner