អ្នកភូមិខ្លែងព័រជាង ២០គ្រួសារប្រកបមុខរបរឡើងកាប់ដើមឈើថ្នាំលើភ្នំលក់ឱ្យគ្រូផ្សំថ្នាំបូរាណ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ
កំពង់ឆ្នាំង ៖ ប្រជាកសិករប្រមាណជាង២០គ្រួសាររស់នៅក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ បន្ទាប់ពីមុខរបរធ្វើស្រែនៅរដូវប្រាំងនេះពួកគាត់បាននាំគ្នាឡើងកាប់ដើមឈើជាថ្នាំនៅលើភ្នំដើម្បីលក់ឲ្យគ្រូផ្សំថ្នាំឱសថបូរាណនៅទីក្រុងភ្នំពេញ និងក្នុងខេត្តតាមរយៈឈ្មួញកណ្ដាលដើម្បីរកប្រាក់ ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ។
លោក ម៉ាន់ ថា អាយុ ៣៥ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិខ្លែងព័រនៅល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២នេះ បាននិយាយឲ្យដឹងថា នៅក្នុងភូមិរបស់គាត់មានប្រជាពលរដ្ឋប្រមាណជាង ២០គ្រួសារបន្ទាប់ពីរដូវធ្វើស្រែចំការនៅរដូវប្រាំង បាននាំគ្នាប្រកបមុខរបរឡើងកាប់ដើមឈើនិងវល្លិឈើ ជាថ្នាំនៅលើភ្នំយកមកលក់ឱ្យគ្រូឱសថបូរាណតាមរយៈឈ្មួញកណ្ដាលម្នាក់ទៀត ដែលយកទៅលក់បន្តទៅភ្នំពេញ គឺមុខរបរនេះ ពួកគាត់ បានធ្វើរយៈពេលបីបួនឆ្នាំហើយ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវ ភាពរស់នៅប្រចាំថ្ងៃ ។
លោក បានបញ្ជាក់ថា ដើមថ្នាំទាំងអស់នេះលោកត្រូវបរគោយន្តទៅកាន់ភ្នំដោះក្រមុំ ក្នុងទឹកដីស្រុកទឹកផុស ឬភ្នំបរវៀត នៅក្នុងទឹកដីឃុំបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងទៅនឹកមកនិងស្នាក់នៅមានរយៈពេល ២ថ្ងៃឬ៣ថ្ងៃ ទើបរកថ្នាំទាំងអស់នេះបាន ១គោយន្តយកមកពុះ និងកាប់ចិញ្ច្រាំហាលថ្ងៃឱ្យស្ងួតដើម្បីថ្លឹងលក់ឱ្យអ្នកប្រមូលទិញ ។
លោកស្រី ញៀន ថា អាយុ ៣៨ ឆ្នាំជាប្រពន្ធបុរសខាងលើ ដែលកំពុងកាប់ចិញ្ច្រាំដើមឈើជាថ្នាំបូរាណនេះបាននិយាយឲ្យដឹងថា ដើមឈើជាថ្នាំទាំងនេះ រូបនាង និងប្ដីបានទៅរកនៅលើភ្នំ រួមមាន ដើមកំរើកគុម្ព , ក្តាំងងារ , គោមួយ , ល្វាព្រៃ , រលាកខ្មង,ឆ្កែ
ស្រែង ,កណ្ដាប់ឈ្នាង , ដំរី ៥ ដក ,មើមជុយ , ត្រចៀកជ្រូក និងដើមប៉េកា ជាដើមយកមកកាប់ចិញ្ច្រាំហាលថ្ងៃឲ្យស្ងួត ច្រកការ៉ុងទុកថ្លឹងលក់ឲ្យឈ្មួញ ។ ចំណែកតម្លៃដើមឈើជាឱសថបុរាណនេះ ពេលហាលស្ងួត មានតម្លៃ ចន្លោះពី ៥០០ រៀល ទៅ ៤ពាន់រៀល ដូចជាដើមកំរើកគុម្ព ១គីឡូថ្លៃ៣ពាន់រៀល ,ដើមដំរី ៥ដក និងដើមត្រចៀកជ្រូក ១គីឡូ ថ្លៃ ៤ពាន់រៀល ។
ដោយឡែកក្នុងមួយថ្ងៃៗរូបគាត់និងកូនស្រី ពី២ទៅ៣នាក់ នាំគ្នាកាប់ចិញ្ច្រាំថ្នាំហាលស្ងួតបានប្រមាណ ១៥គីឡូតែប៉ុណ្ណោះ គឺ២ថ្ងៃអាចកាប់ចិញ្ច្រាំថ្នាំបានមួយការ៉ុងស្មើ និងពី ២៥ ទៅ ៣០គីឡូ ដោយក្នុងរយៈពេល ១០ថ្ងៃត្រូវលក់ម្ដងអាចបានថវិកាប្រមាណពី ៣០ ទៅ ៣៥ម៉ឺនរៀលតែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃក្នុងគ្រួសារដែលមានសមាជិកសរុបចំនួន ៨នាក់គឺ ឪពុក ម្ដាយ ២នាក់ និងកូន ៦នាក់ ។
ប្ដីប្រពន្ធទាំងពីរនាក់ខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ការពិតទៅពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជាង ២០គ្រួសារទៀតនៅក្នុងភូមិ មិនចេះផ្សំថ្នាំបុរាណព្យាបាលជំងឺអ្វីនោះទេ ចំពោះថ្នាំដែលពួកគាត់ឡើងទៅកាប់លើភ្នំនេះគឺត្រូវគេកុម្ម៉ង់ឱ្យរកយកមកកាប់ចិញ្ច្រាំហាលថ្ងៃឲ្យស្ងួតលក់ឲ្យគេចំណែកអ្នកផ្សំថ្នាំបូរាណនោះ គឺជាគ្រូបុរាណនៅឯក្រុងភ្នំពេញឯណោះទេជាអ្នកកម្មង់ទិញ តែត្រូវឆ្លងកាត់ឈ្មួញ
កណ្ដាលម្នាក់ទៀតនៅឃុំក្រាំងលាវក្នុងស្រុករលាប្អៀរ ៕ សុខ គឹមសៀន